ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្មនៅប្រទេសហ្វីលីពីនកំពុងបង្កើនការទិញដីធ្លី និងការដំឡើងគ្រឿងបរិក្ខារផ្សេងៗដើម្បីបំពេញតាមសភាពការណ៍វិវត្តន៍នៃតម្រូវការរបស់បណ្តាវិនិយោគិនក្នុងស្រុក និងបរទេស។
លោក Ricardo F. Lagdameo ប្រធានក្រុមហ៊ុនអចលនទ្រព្យ Damosa Land, Inc. (DLI) បានទទួលស្គាល់ពីសារៈសំខាន់នៃការរក្សាការប្រកួតប្រជែង ដោយគិតគូរពីការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពឃ្លាំង និងរោងចក្រ។
ក្រុមហ៊ុននេះគ្រោងនឹងបន្តបោះទុនវិនិយោគក្នុងការធ្វើទំនើបកម្មគ្រឿងបរិក្ខារ និងពង្រីកទីតាំង ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដី។
យោងតាមក្រុមហ៊ុនផ្តល់សេវាកម្មប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ប្រទេសហ្វីលីពីនអាចប្រឈមមុខនឹងការបាត់បង់ឱកាសដើម្បីទាក់ទាញការវិនិយោគផ្នែកឧស្សាហកម្ម ដោយសារតែការផ្គត់ផ្គង់ឃ្លាំង និងរោងចក្រនៅមានកម្រិត និងមានសភាពចាស់មិនទាន់សម័យ។
ក្រុមហ៊ុន CBRE បានព្យាករណ៍ថា ប្រទេសហ្វីលីពីននឹងទទួលបានការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មថ្មីបន្ថែមចំនួន៧៩.៦៦៩ម៉ែត្រការ៉េនៅឆ្នាំ២០២៥នេះ ដោយភាគច្រើននៃការផ្គត់ផ្គង់ឃ្លាំង និងរោងចក្រនាពេលខាងមុខមានទីតាំងនៅទីក្រុង Laguna ទីក្រុង Cavite និងទីក្រុង Batangas ។
បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្មបានលើកឡើងថា បច្ចុប្បន្ននេះ បណ្តាវិនិយោគិនទូទាំងពិភពលោកកំពុងស្វែងរកមជ្ឈមណ្ឌលផលិតកម្មជាយុទ្ធសាស្ត្រដែលអាចគាំទ្រដល់កំណើនរយៈពេលវែង។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Aboitiz InfraCapital បានលើកឡើងថា បច្ចុប្បន្ននេះ អ្វីដែលបណ្តាអ្នកវិនិយោគសកលត្រូវការ រួមមានដូចជា ភាពច្បាស់លាស់ និរន្តរភាព និងល្បឿននៃទីផ្សារ។
ដើម្បីគាំទ្រដល់គោលដៅនិរន្តរភាពនៃទីផ្សារអចលនទ្រព្យ បណ្តាអ្នកអភិវឌ្ឍន៍ក៏រួមបញ្ចូលផងដែរនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ ប្រព័ន្ធត្រួតពិនិត្យថាមពល និងទឹក ការគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព និងហេដ្ឋារចនាសម្ព័ន្ធបៃតង៕