កំណើនសេដ្ឋកិច្ចជំរុញឱ្យទីផ្សារអចលនទ្រព្យរបស់ទីក្រុងគូឡាឡាំពួរបន្តមានស្ថានភាពល្អប្រសើរ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យនៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុី នៅតែមានស្ថានភាពល្អប្រសើរ និងមានស្ថិរភាព។ បច្ចុប្បន្ន ទីផ្សារអចលនទ្រព្យម៉ាឡេស៊ីទាំងមូលសម្រេចបានទំហំទឹកប្រាក់ប្រហែល៣៦,៨ពាន់លានដុល្លារអាមេរិក។

ទំហំនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន៦,៦ភាគរយ រហូតដល់ឆ្នាំ២០៣៣ ដែលជំរុញដោយការអភិវឌ្ឍន៍នគរូបនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។

ក្រុមហ៊ុនប្រមូលចងក្រងទិន្នន័យអចលនទ្រព្យសកល Global Property Guide បានរាយការណ៍ថា ទីផ្សារលំនៅដ្ឋាននៅទីក្រុងគូឡាឡាំពួរនៅតែបន្តមានមូលដ្ឋានគ្រឹះរឹងមាំ ដោយសារភាពធន់នៃតម្រូវការ និងកំណើននៃការសាងសង់។

កាលពីត្រីមាសទី១ ចំនួនប្រតិបត្តិការនៃការលក់អចលនទ្រព្យសម្រេចបានជាង៩០.០០០ដង ដោយធ្លាក់ចុះ៦,២ភាគរយ។ ការលក់សម្រេចបានទំហំទឹកប្រាក់ចំនួន៥១,៤ពាន់លានរីងហ្គីត ធ្លាក់ចុះ៨,៩ភាគរយ ដោយសារការធ្លាក់ចុះនៃការលក់ដីពាណិជ្ជកម្ម និងដីកសិកម្ម ខណៈការលក់លំនៅដ្ឋានទទួលបានទឹកប្រាក់សរុបជាង២៤ពាន់លានរីងហ្គីត។

សន្ទស្សន៍តម្លៃផ្ទះនៅទូទាំងប្រទេសម៉ាឡេសុីបានកើនឡើង០,៩ភាគរយកាលពីត្រីមាសទី១ ដែលការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពធន់នៃតម្លៃផ្ទះ។ ទោះជាយ៉ាងណា តម្លៃផ្ទះនៅក្នុងទីក្រុងគូឡាឡាំពួរ បានធ្លាក់ចុះ២,៤ភាគរយ។

សេដ្ឋកិច្ចរបស់តំបន់ Klang Valley បានកើនឡើង៤,៤ភាគរយនៅត្រីមាសទី១ ខណៈអត្រាអតិផរណាបានថយចុះដល់១,៥ភាគរយ ហើយអត្រាភាពអត់ការងារធ្វើបានស្ថិតនៅកម្រិតទាបបំផុតចំនួន៣,១ភាគរយ។

ចំណែក អត្រាការប្រាក់គោល (OPR) របស់ធនាគារកណ្តាលម៉ាឡេសុីមានកម្រិត៣ភាគរយ ហើយធនាគារនេះអាចនឹងកាត់បន្ថយការប្រាក់ ប្រសិនបើកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

ដោយឡែក គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា បណ្តាញរថភ្លើង MRT និងបណ្តាញរថភ្លើង ECRL ជាកត្តាសំខាន់ក្នុងការជំរុញឱ្យមានតម្រូវការអចលនទ្រព្យក្នុងទីក្រុង។

ជាពិសេស បើទោះបីជាតម្លៃលំនៅដ្ឋាននៅក្នុងទីក្រុងគូឡាឡាំពួរបានធ្លាក់ចុះបន្តិចបន្តួចយ៉ាងណាក្តី ក៏ទីផ្សារនៅតែមានស្ថានភាពល្អប្រសើរ ដោយសារមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ និងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here