ដោយៈ និស្ស័យ
ភ្នំពេញៈ តំបន់សេដ្ឋកិច្ចពិសេស(SEZ) ជាច្រើននៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ។
ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ចំនួនទឹកប្រាក់នាំចេញទំនិញរបស់SEZទាំងអស់ នៅកម្ពុជាមានចំណែកប្រហែល១/៤នៃការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងសិក្ខាសាលាស្តីពី “ការជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា” ប្រព្រឹត្តិទៅកាលពីសប្តាហ៍មុន លោក សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីគោលគំនិតនៃក្របខណ្ឌសួនឧស្សាហកម្មបៃតង(Eco-Industrial Park – EIP) ទៅដល់អ្នកចូលរួម ហើយក៏មានកិច្ចពិភាក្សាអំពីគោលនយោបាយ និងបទប្បញ្ញត្តិអាទិភាពមួយចំនួន ដែលជំរុញការវិនិយោគបៃតង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។
លោកបន្តថា “តំបន់សេដ្ឋកិច្ចពិសេស កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ឱ្យចូលមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន ព្រមទាំងបានជួយលើកកម្ពស់ ការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិផងដែរ”។
លោកបានឲ្យដឹងទៀតថា កម្ពុជា គឺជាប្រទេសដែលមានសក្តានុពលខ្លាំង សម្រាប់ការបណ្តាក់ទុនលើគ្រប់វិស័យ ជាក់ស្តែងច្បាប់កម្ពុជា គឺមានភាពអំណោយផល និងអនុគ្រោះច្រើនដល់វិនិយោគិន បន្ថែមលើនេះកម្ពុជាក៏មានអនុក្រឹត្យស្តីពី ការអនុវត្តច្បាប់ដែលជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតង ដែលរួមមានការវិនិយោគក្នុងវិស័យថាមពលបៃតង, បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា ជាដើម។
លោក សរ សិនិរ៉ាបានបញ្ជាក់ថា “តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល”។
លោកក៏បានបង្ហាញសុទិដ្ឋិនិយមថា នឹងមានការរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា អាចសម្រេចបានសក្តានុពលពេញលេញ ដែលជាធាតុផ្សំក្នុងការជំរុញនៃកំណើនប្រកបដោយចីរភាព បៃតង និងបរិយាបន្ន៕