ផ្លូវជាតិលេខ៤៤កំពុងទាក់ទាញការវិនិយោគសួនឧស្សាហកម្មនិងតំបន់សេដ្ឋកិច្ចពិសេស

0

ដោយៈ គង់ សូរិយា

    កំពង់ស្ពឺៈ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋបែបប្រទាក់ក្រឡា បាននិងកំពុងធ្វើឲ្យតំបន់ជាប់ផ្លូវជាតិលេខ៤៤ ទាក់ទាញការវិនិយោគសួនឧស្សា​ហកម្ម តំបន់សេដ្ឋកិច្ចពិសេស។

ទីផ្សារដីបែបលំហែរ និងដីឡូត៍ បាននិងកំពុងរីកចម្រើននៅតំបន់នេះ ដោយសារអ្នកទិញដីឡូត៏ពី ទៅបីឡូត៏ឡើងទៅ អាចសាងសង់ផ្ទះសម្រាប់ជួលឲ្យកម្មករ កម្មការិនីរាប់ពាន់នាក់ស្នាក់នៅ។

គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មរបស់រដ្ឋាភិបាល បាននិងកំពុងទាក់ទាញការវិនិយោគ យ៉ាងច្រើនពីក្រុមហ៊ុនជាតិ អន្តរជាតិ ដោយក្នុងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជាបានទាក់ទាញទុនវិនិយោគប្រមាណ៤២០០លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ជិត៣០០ ដែលបានចាប់យកកាលានុវត្តន៍ភាពពីកម្ពុជា។

សក្តានុពលសេដ្ឋកិច្ច និងការពង្រីកឧស្សាហកម្មនៅលើផ្លូវ៤៤ បាននិងកំពុងធ្វើឲ្យតំបន់នេះ លេចឡើងនូវរោងចក្រ ឧស្សាហកម្មដូចផ្ការីក ដូចជាតំបន់ឧស្សាហកម្មនៅគីឡូម៉ែត្រលេខ៨ គីឡូម៉ែត្រលេខ២០ គីឡូម៉ែត្រលេខ៣០ និងគីឡូម៉ែត្រលេខ៣៤ជាដើម។

ផ្លូវជាតិលេខ៤៤ ជាផ្លូវសំខាន់មួយ ដែលតភ្ជាប់ទៅកាន់តំបន់ខ្នងផ្សារក្នុងខេត្តកំពង់ស្ពឺ ភ្ជាប់ទៅកាន់តំបន់ទឹកធ្លាក់ជ្រាវក្នុងខេត្តកំពង់ឆ្នាំង និងតភ្ជាប់ទៅកាន់ខេត្តពោធិ៍សាត់ផងដែរ។

អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupដែលកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្តោយផ្លូវនេះបានមានប្រសាសន៍ឲ្យដឹងថា ដោយសារដីនៅយតាមបណ្តោយផ្លូវលេខ៥១ និងលេខ៤១ឡើងថ្លៃខ្ពស់ បានធ្វើឲ្យអ្នកវិនិយោគងាកមកកាន់តំបន់ផ្លូវជាតិលេខ៤៤ ដែលដីមានតម្លៃសមរម្យ។

អ្នកឧកញ៉ាបានបញ្ជាក់ថា “កំលាំងពលកម្មច្រើន ក៏ជាផ្នែកមួយ ដែលធ្វើឲ្យអ្នកវិនិយោគតំបន់ឧស្សាហកម្ម រោងចក្រ សហគ្រាសគិតជាអាទិភាពផងដែរ”។ លោកបន្ថែមថា “នៅពេលមានវត្តមានរោងចក្រឍ សហគ្រាសច្រើន នឹងទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន និងធ្វើឲ្យទីផ្សារលំនៅដ្ឋាន ដីឡូត៏រីកចម្រើនផងដែរ”។

ជាមួយគ្នានេះ អ្នកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា កម្ពុជាមានច្បាប់វិនិយោគថ្មី ដែលបានផ្តល់ការលើកទឹកចិត្តជាច្រើន ដល់វិនិយោគិនជាតិ អន្តរជាតិ ពិសេសជនបរទេសអាចមានសិទ្ឋបើកក្រុមហ៊ុន ដោយមានទុនខ្លួនឯង១០០ភាគរយបាន ជាហេតុធ្វើឲ្យក្រុមហ៊ុនបរទេ​សកាន់តែច្រើន បានបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

លោកបញ្ជាក់ថា “នៅពេលវិស័យឧស្សាហកម្មរីកចម្រើន នឹងធ្វើឲ្យអចលនទ្រព្យនៅតំបន់នោះ មានភាពរីកចម្រើនផងដែរ ព្រោះពេលមានមនុស្សធ្វើការច្រើន នឹងមានតម្រូវការស្នាក់នៅសម្រាប់បុគ្គលិកក្រុមហ៊ុន និងកម្មករ កម្មការិនីស្នាក់នៅផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here