ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងផ្លូវដែកល្បឿនលឿនពីទីក្រុង Mumbai ឆ្ពោះទៅកាន់ទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌាបានសម្រេចនូវវឌ្ឍនភាពដ៏សំខាន់មួយ ដោយបានបញ្ចប់ការសាងសង់ផ្លូវដែកលើអាកាសប្រវែងជាង៣០០គីឡូម៉ែត្រ។
គម្រោងផ្លូវដែកល្បឿនលឿនប្រកបដោយមហិច្ឆិតានេះលាតសន្ធឹងប្រវែង៥០៨គីឡូម៉ែត្រ ដោយប្រើប្រាស់រថភ្លើងប្រភេទ Shinkansen ពីប្រទេសជប៉ុន ក្រោមភាពជាដៃគូរវាងប្រទេសទាំងពីរ។
នេះជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏ធំបំផុតរបស់ប្រទេសឥណ្ឌា ក្នុងគោលបំណងកាត់បន្ថយពេលវេលាធ្វើដំណើរពី៧ម៉ោងមកនៅសល់ត្រឹមតែ២ម៉ោងរវាងទីក្រុងបុមបៃ និងទីក្រុង Ahmedabad ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់បំផុតទាំង២របស់ឥណ្ឌា។
នៅពេលសាងសង់បញ្ចប់ ភាពជោគជ័យរបស់ឥណ្ឌានៃគម្រោងផ្លូវដែកល្បឿនលឿននេះអាចបង្ហាញអំពីសមត្ថភាពរបស់ប្រទេសឥណ្ឌាក្នុងការប្រកួតប្រជែង និងការចាប់យកបច្ចេកវិទ្យាបៃតង ដូចបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿននៅលើពិភពលោក។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ ការសាងសង់ផ្លូវដែកលើអាកាសចម្ងាយជាង៣០០គីឡូម៉ែត្រសម្រាប់បណ្តាញរថភ្លើង Mumbai-Ahmedabad ត្រូវបានបញ្ចប់ ដោយប្រើប្រាស់វិធីសាស្រ្តសាងសង់ទំនើបបំផុត។
ស្ពានឆ្លងទន្លេចំនួន១៤ ស្ពានដែកចំនួន៧ និងស្ពានបេតុងចំនួន៥ បានបញ្ចប់ការសាងសង់ផងដែរ។ បច្ចុប្បន្ន គម្រោងនេះបានឈានចូលដល់ដំណាក់កាលតេស្តសាកល្បងដ៏សំខាន់មួយ ដោយប្រទេសជប៉ុនចាប់ផ្តើមសាកល្បងរថភ្លើងប្រភេទ Shinkansen ទំនើបចុងក្រោយបង្អស់ ដែលត្រូវបានផលិតឡើងជាពិសេសសម្រាប់ប្រទេសឥណ្ឌា។
នាពេលបច្ចុប្បន្ន រថភ្លើងផលិតនៅប្រទេសឥណ្ឌា ក្រោមគំនិតផ្តួចផ្តើម“Make in India”កំពុងដំណើរការតេស្តសាកល្បងដំបូងក្នុងល្បឿន២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប៉ុន្តែ ល្បឿនគោលដៅត្រូវបានកំណត់ក្នុងរង្វង់៣២០គីឡូម៉ែត្រក្នុងមួយម៉ោង។
គម្រោងរថភ្លើង Mumbai-Ahmedabad ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ផ្នែកកំណាត់មួយចំនួននៅឆ្នាំ២០២៦ និងចាប់ផ្តើមសេវាកម្មដឹកអ្នកដំណើរដំបូងគេនៅរដ្ឋ Gujarat នៅឆ្នាំ២០២៨ មុនពេលតភ្ជាប់ពេញលេញទៅកាន់ទីក្រុងបុមបៃនៅឆ្នាំ២០៣០។
នៅពេលបញ្ចប់រួចរាល់ទាំងស្រុង ផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកដល់គោលដៅអាកាសធាតុរបស់ប្រទេសឥណ្ឌា ដោយផ្តល់នូវសមត្ថភាពដឹកជញ្ជូនសាធារណៈទ្រង់ទ្រាយធំ ដោយមិនបំភាយឧស្ម័ន៕