និន្នាការនៃតម្រូវការជួលអគារការិយាល័យទូទាំងពិភពលោកកំពុងប្រែប្រួលឆ្ពោះទៅរកបរិបទថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិស្តីអំពីអនាគតការងារ (Future of Work) ដែលរៀបចំឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានបង្ហាញថា ក្រុមហ៊ុននានានៅទូទាំងពិភពលោកកំពុងផ្តល់អាទិភាពលើការរចនាឌីហ្សាញទីតាំងការិយាល័យធ្វើការ ដោយបានចាត់ទុកជាកត្តាជំរុញដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុន។

ការស្ទង់មតិបានបង្ហាញថា បណ្តាក្រុមហ៊ុនចំនួន៦៥ភាគរយទូទាំងពិភពលោកគ្រោងបង្កើនការវិនិយោគលើនិរន្តរភាពនៃទីតាំងការិយាល័យ ហើយបណ្តាក្រុមហ៊ុនចំនួនជិត៨០ភាគរយ គ្រោងនឹងបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅតាមទីតាំងការិយាល័យនៅឆ្នាំ២០៣០ខាងមុខ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងទៀតថា ក្នុងរយៈពេល២ឆ្នាំកន្លងមក ការផ្លាស់ប្តូរទីតាំងទៅកាន់អគារការិយាល័យថ្មីមានការកើនឡើង ហើយនិន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងរហូតដល់ឆ្នាំ២០២៨។

ការផ្លាស់ប្តូរនេះបង្ហាញពីយុទ្ធសាស្ត្រសំខាន់មួយសម្រាប់បណ្តាក្រុមហ៊ុននានាក្នុងការវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រការងារនាពេលអនាគត ដើម្បីរក្សាបាននូវការប្រកួតប្រជែងនៅក្នុងទីផ្សារ និងសម្របតាមស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG)។

លោក Michael Glancy អ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ប្រចាំតំបន់អាស៊ានបានលើកឡើងថា “លំហូរនៃការផ្គត់ផ្គង់ការិយាល័យទំនើបនៅក្នុងតំបន់ និងពិភពលោក សរបង្ហាញឱ្យឃើញពីការផ្លាស់ប្តូរនៃទិដ្ឋភាពទីផ្សារការិយាល័យ”។

លោកបានបញ្ជាក់បន្ថែមថា “បណ្តាក្រុមហ៊ុននានាបានពិនិត្យមើលឡើងវិញនូវវិធីសាស្រ្តជ្រើសរើសទីតាំងការិយាល័យរបស់ពួកគេ ដើម្បីធានាបាននូវភាពបត់បែន និងនិរន្តរភាព ព្រមទាំងជំរុញផលិតភាព និងការច្នៃប្រឌិត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here