ដោយ: គង់ លាងហួរ
អន្តរជាតិ: លំហូរទុនវិនិយោគបានបន្តហូរចូលទៅកាន់ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈផ្នែកនេះបានរក្សានូវស្ថិរភាពនៅឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍សិក្សាថ្មីមួយពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។
យោងតាមរបាយការណ៍ថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានឱ្យដឹងបន្តទៀតថា ទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រេចបានសន្ទុះវិជ្ជមាន ចាប់តាំងពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥នេះ។
លោក Govinda Singh នាយកជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានលើកឡើងថា“សន្ទុះពីឆ្នាំ២០២៤ បានបន្តអូសបន្លាយដល់ឆ្នាំ២០២៥ ខណៈទីផ្សារអចលនទ្រព្យបដិសណ្ឋារបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្រោយវិបត្តិជំងឺរាតត្បាត”។
អាជីវកម្មសណ្ឋាគារនៅក្នុងតំបន់អាសុីនៅតែមានភាពរឹងមាំនៅឆ្នាំនេះ និងជំរុញឱ្យមានការវិនិយោគជាបន្តបន្ទាប់។ទីផ្សារសណ្ឋាគារលំដាប់កំពូលនៅក្នុងតំបន់នេះរួមមាន ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសអូស្ត្រាលី។
ចំណែក ប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានក៏កំពុងក្លាយជាទីផ្សារសណ្ឋាគារយ៉ាងសំខាន់ផងដែរ។បច្ចុប្បន្ន បណ្តាវិនិយោគិនទូទាំងតំបន់កំពុងធ្វើពិពិធកម្មយុទ្ធសាស្រ្តនៃការវិនិយោគរបស់ខ្លួន ក្នុងគោលបំណងបង្កើនលំហូរសាច់ប្រាក់ និងប្រាក់ចំណូល។
របាយការណ៍ខាងលើបានកត់សម្គាល់ថា ប្រទេសវៀតណាម និងកូរ៉េខាងត្បូង ដែលធ្លាប់ពឹងផ្អែកលើភ្ញៀវទេសចរណ៍ចិន កំពុងងាកទៅទាក់ទាញភ្ញៀវទេសចរណ៍ឥណ្ឌា ព្រោះពួកគេបានចំណាយប្រាក់កាន់តែច្រើន និងធ្វើដំណើរកំសាន្តពេញមួយឆ្នាំ។ ការណ៍នេះបានជួយជំរុញតម្រូវការសណ្ឋាគារ និងកាត់បន្ថយការពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍មកពីប្រទេសចិន៕ប្រភព: Real Estate Asia៕