ទីផ្សារអចលនទ្រព្យនៅទីក្រុងហ្សាការតាសម្រេចបានភាពវិជ្ជមានក្នុងត្រីមាសទី២ ខណៈតម្លៃផ្ទះកើនឡើងខ្ពស់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីសម្រេចបានកំណើនប្រកបដោយស្ថិរភាពនៅត្រីមាសទី២ ឆ្នាំ២០២៥ ស្របពេលមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងការលើកទឹកចិត្តផ្នែកគោលនយោបាយ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield បានរាយការណ៍ថា តម្លៃលំនៅដ្ឋាននៅរដ្ឋធានីហ្សាការតាបានកើនឡើង៣,៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ចំនួន៥០,១លានរូពៀក្នុងមួយម៉ែត្រការ៉េនៅក្នុងត្រីមាសទី២។

ដោយឡែក ទីផ្សារអាផាតមុិនសម្រាប់ជួល (Seviced Apartment) របស់ទីក្រុងហ្សាការតា មិនបានទទួលការផ្គត់ផ្គង់យូនីតថ្មីកាលពីត្រីមាសទី១ ឆ្នាំ២០២៥នោះទេ ដោយធ្វើឱ្យចំនួនអាផាតមុិនសម្រាប់ជួលស្ថិតនៅទ្រឹងត្រឹមចំនួន៧.១៨១យូនីត។

អត្រាគ្របដណ្តប់ការជួលការិយាល័យ (Occupancy Rate) នៅតែមានកម្រិតប្រហែល៧០ភាគរយ ខណៈតម្លៃជួលការិយាល័យកម្រិត A កំពុងកើនឡើង។

ជាមួយគ្នានេះ ទីផ្សារអចលនទ្រព្យឧស្សាហកម្ម និងភស្តុភារ ដូចជាឃ្លាំង និងរោងចក្រ កំពុងសម្រេចបានសន្ទុះវិជ្ជមាន ដោយសារការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវល្បឿនលឿនតភ្ជាប់រវាងតំបន់ Cimanggis និងតំបន់ Cibitung ស្ថិតក្នុងខេត្ត West Java។

ចំណែក អត្រាផលចំណេញត្រឡប់ពីការជួលអចលនទ្រព្យ (Rental Yield) របស់ទីក្រុងហ្សាការតា បានស្ថិតក្នុងរង្វង់ចន្លោះពី៥ភាគរយទៅ៨ភាគរយ។ទោះជាយ៉ាងណា បណ្តាអ្នកវិនិយោគនៅតែមានការព្រួយបារម្ភចំពោះភាពមិនប្រាកដប្រជានៃម៉ាក្រូសេដ្ឋកិច្ច អស្ថិរភាពនយោបាយ និងបាតុភូតធម្មជាតិ។

ជាក់ស្តែង ការតវ៉ា ដែលដឹកនាំដោយក្រុមនិស្សិតដើម្បីប្រឆាំងនឹងរបៀបវារៈគោលនយោបាយរបស់លោកប្រធានាធិបតី Prabowo Subianto កាលពីខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យទីផ្សារភាគហ៊ុនរបស់ឥណ្ឌូនេសុីធ្លាក់ថ្លៃចុះចំនួន៧ភាគរយ។ ការណ៍នេះបានជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន និងតម្លៃរូបិយបណ្ណក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here