នាយករដ្ឋមន្ត្រីសិង្ហបុរី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

0

(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការ​បង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ដែលមានអាយុគម្រប់៦០ឆ្នាំនៅឆ្នាំ២០២៥នេះ។

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជានៅ​វេលា​ម៉ោងប្រមាណ៨៖៤០នាទី។ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយដំណើរអញ្ជើញដល់​របស់លោកនាយក​រដ្ឋ​មន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល រួមមានលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឈិត កេតនា អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ, លោក អ៉ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក សុខ ខឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី។

ក្នុងដំណើរទស្សនកិច្ចលោក ឡរ៉េន វ៉ុង បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏នឹងមានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង, មាន​ជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោក ឡរ៉េន វ៉ុង ក៏នឹងមានជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើការ​ពិ​ភាក្សា​ស៊ី​ជម្រៅបន្ថែមទៀត លើទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងកម្ពុជា និង សិង្ហបុរី។

កម្ពុជា និងសិង្ហបុរី បានភ្ជាប់ទំនាក់ទំនងផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ដំណើរ​​ទស្សនកិច្ច​របស់លោក ឡរ៉េន វ៉ុង កើតឡើងស្របពេលនៃ​ការប្រារព្ធ​ខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងសិង្ហបុរី ដែលជាការបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តពូនជ្រំុទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរីផងដែរ។ ដំណើរទស្សនកិច្ចនាពេលនោះ ទទួលបានលទ្ធផលល្អប្រសើរជាច្រើន ដែលជាការបោះជំហានថ្មីមួយទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here