ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣៥៧,០៧ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣២ភាគរយដល់៣៣៤៦,៣៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម៣៣៥៩,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៥នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៧៤,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។
ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃបន្តិចដល់៩៦,៨១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៦,៧៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕