ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត CNBC បានចុះផ្សាយថា ទីផ្សារអចលនទ្រព្យលំនៅដ្ឋានរបស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ ដោយសារកត្តាចំនួន៤ រួមមាន កត្តាផ្ទះមានតម្លៃថ្លៃហួសពីលទ្ធភាពរបស់អ្នកទិញ ការកើនឡើងនៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ ការបង្កើនការផ្គត់ផ្គង់ និងការធ្លាក់ចុះនៃតម្រូវការ។
នៅក្នុងខែមិថុនា កំណើនតម្លៃផ្ទះប្រចាំឆ្នាំបានថយចុះមកនៅត្រឹម១,៣ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល២ឆ្នាំ បើធៀបនឹងអត្រាកំណើន១,៦ភាគរយកាលពីខែឧសភា។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុអាមេរិក ICE។
ចំនួនជិតមួយភាគបីនៃបណ្តាទីក្រុងធំៗបំផុតទាំង១០០ នៅសហរដ្ឋអាមេរិក កំពុងជួបប្រទះការធ្លាក់ចុះនៃតម្លៃផ្ទះក្នុងរង្វង់យ៉ាងតិច១ភាគរយ។នៅទូទាំងប្រទេស តម្លៃផ្ទះសម្រាប់គ្រួសារទោល(Single-family home) បានកើនឡើង១,៦ភាគរយ ខណៈដែលតម្លៃខុនដូបានធ្លាក់ចុះ១,៤ភាគរយ។








