ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅតំបន់ West Bund ដែលមានចម្ងាយ១១គីឡូម៉ែត្រស្ថិតនៅទីក្រុងសៀងហៃរបស់ប្រទេសចិននៅតែមានភាពធន់ ខណៈបណ្តាក្រុមហ៊ុន និងម៉ាកយីហោលក់រាយជាច្រើនបានសម្រុកមកជួលអគារការិយាល័យ និងផ្សារទំនើបក្នុងតំបន់នេះ។
តំបន់ West Bund មានទីតាំងនៅច្រាំងខាងលិចនៃទន្លេ Huangpu ក្នុងសង្កាត់ Xuhui នៃទីក្រុងសៀងហៃ។ តំបន់នេះកំពុងក្លាយជាតំបន់ពាណិជ្ជកម្មកណ្តាលថ្មីមួយ (CBD) ដោយប្រមូលផ្តុំអគារការិយាល័យ និងផ្សារទំនើបជាច្រើន ដូចជា អគារ Westbund Central របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Hongkong Land ។
ទីក្រុងសៀងហៃបានចាប់ផ្តើមអភិវឌ្ឍន៍តំបន់ West Bund កាលពីឆ្នាំ២០១០ ដោយរួមមានការសាងសង់លំនៅដ្ឋាន តំបន់ពាណិជ្ជកម្ម ការិយាល័យ និងមជ្ឈមណ្ឌលកម្សាន្តលំដាប់ពិភពលោក។នេះបើយោងតាមការចុះផ្សាយដោយកាសែត South China Morning Post។
តំបន់ West Bund ក៏ជាទីតាំងបណ្តុះបណ្តាលជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) ដោយបានបង្កើតមជ្ឈមណ្ឌលច្នៃប្រឌិតគំរូមូលនិធិសៀងហៃ (SMC) ដែលប្រធានាធិបតីចិនលោក សុី ជីនពីង បានអញ្ជើញទៅទស្សនាកាលពីខែមេសា។ តំបន់នេះបានទាក់ទាញបណ្តាក្រុមហ៊ុនបរទេសធំៗ ដូចជា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW និងក្រុមហ៊ុន Adidas។
លោក Jimmy Chu នាយកជាន់ខ្ពស់របស់ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ CBRE បានអះអាងថា ទីក្រុងសៀងហៃបានរៀបចំផែនការអភិវឌ្ឍន៍តំបន់ West Bund យ៉ាងល្អប្រសើរ។ កត្តាទីតាំងភូមិសាស្ត្រអំណោយផលធ្វើឱ្យតំបន់នេះក្លាយជាចំណុចវិជ្ជមានក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងសៀងហៃ។
លោកបានបន្ថែមថា ដំណាក់កាលដំបូងនៃគម្រោងអគារការិយាល័យ Westbund Central ដែលនឹងចាក់បញ្ចូលទីផ្សារនៅចុងឆ្នាំនេះ បានទទួលចំណាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ដោយរំពឹងថា នឹងសម្រេចបានអត្រាគ្របដណ្តប់ការជួលចំនួន១០០ភាគរយ៕ប្រភព: SCMP៕