ដោយ: គង់ លាងហួរ
អន្តរជាតិ: លោកនាយករដ្ឋមន្ត្រីចិន Li Qiang បានចុះហត្ថលេខាលើក្រឹត្យមួយរបស់ក្រុមប្រឹក្សារដ្ឋ ដោយប្រកាសដាក់ចេញបទប្បញ្ញត្តិដើម្បីជំរុញការអភិវឌ្ឍន៍ទីផ្សារជួលលំនៅដ្ឋានប្រកបដោយគុណភាពខ្ពស់នៅក្នុងប្រទេសចិន។
ជាមួយគ្នានេះ រដ្ឋាភិបាលចិនក៏បានជួយសម្របសម្រួលដល់ការបង្កើតប្រព័ន្ធលំនៅដ្ឋានមួយ ដើម្បីគាំទ្រទាំងការជួលផ្ទះ និងការទិញផ្ទះ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua។
បទប្បញ្ញត្តិថ្មីនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់លើការច្របាច់រួមបញ្ចូលនូវតួនាទីឈានមុខរបស់ទីផ្សារ និងការចង្អុលណែនាំរបស់រដ្ឋាភិបាលចិនលើការអភិវឌ្ឍន៍ទីផ្សារលំនៅដ្ឋាន។
បទប្បញ្ញត្តិថ្មីក៏លើកទឹកចិត្តដល់ការផ្គត់ផ្គង់ផ្ទះជួលបន្ថែមទៀតតាមរយៈមធ្យោបាយជាច្រើន និងជំរុញឱ្យបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងផ្តោតលើតម្រូវការទីផ្សារជាក់ស្តែង។
ឯកសារនេះបានគូសបញ្ជាក់ថា បណ្តាភ្នាក់ងារឈ្មួញជើងសាត្រូវធ្វើការផ្ទៀងផ្ទាត់ និងកត់ត្រារាល់ព័ត៌មានរបស់គ្រប់ភាគី ព្រមទាំងធ្វើការត្រួតពិនិត្យអចលនទ្រព្យនៅនឹងកន្លែង មុនពេលសម្រេចចុះបញ្ជី និងត្រូវកំណត់តម្លៃសេវាកម្មរបស់ពួកគេឱ្យបានច្បាស់លាស់។
បទប្បញ្ញត្តិនោះក៏បានគូសបញ្ជាក់ផងដែរពីការធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យ និងការគ្រប់គ្រងលើប្រតិបត្តិការជួលផ្ទះ ខណៈបណ្តាអាជ្ញាធរមូលដ្ឋានត្រូវបង្កើតយន្តការត្រួតពិនិត្យលើការជួលផ្ទះ និងត្រូវផ្សព្វផ្សាយកម្រិតតម្លៃជួលផ្ទះជាប់ជាប្រចាំ៕ប្រភព: Xinhua៕