ការសិក្សា: តើតម្លៃលំនៅដ្ឋាននៅក្នុងបណ្តាទីក្រុងធំៗលើពិភពលោកមានស្ថានភាពដូចម្តេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃលំនៅដ្ឋាននៅបណ្តាប្រទេសធំៗមួយចំនួនលើពិភពលោកកំពុងកើនឡើង។ ប៉ុន្តែ ក្នុងនោះ តម្លៃលំនៅដ្ឋាននៅប្រទេសខ្លះទៀតបានធ្លាក់ចុះ។ នេះបើយោងតាមការស្រាវជ្រាវដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។

ជាក់ស្តែង តម្លៃលំនៅដ្ឋានប្រភេទ Prime ក្នុងរដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងខ្ពស់ជាងគេលើពិភពលោក ក្នុងរង្វង់២៥,២ភាគរយកាលពីត្រីមាសទី២ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក ចំណាត់ថ្នាក់លេខ២ បានទៅលើទីក្រុងតូក្យូរបស់ប្រទេសជប៉ុន។ តម្លៃលំនៅដ្ឋានប្រភេទ Prime ក្នុងរាជធានីតូក្យូបានហក់ឡើង១៦,៣ភាគរយក្នុងត្រីមាសទី២។ តួលេខនេះជាអត្រាខ្ពស់ជាងគេទី២លើពិភពលោក បន្ទាប់ពីទីក្រុងសេអ៊ូល។

ជាមួយគ្នានេះ តម្លៃលំនៅដ្ឋានប្រភេទ Prime ក្នុងទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួមបានកើនឡើងខ្ពស់ជាងគេទី៣លើពិភពលោក ក្នុងរង្វង់១៥,៨ភាគរយ ខណៈតម្លៃលំនៅដ្ឋានក្នុងទីក្រុង Bengaluru របស់ប្រទេសឥណ្ឌាបានកើនឡើងក្នុងរង្វង់១០,២ភាគរយ ។

ផ្ទុយទៅវិញ តម្លៃលំនៅដ្ឋាននៅទីក្រុងហុងកុងនៃប្រទេសចិនបានដាំក្បាលចុះក្នុងអត្រាខ្ពស់ជាងគេបំផុតលើពិភពលោក ក្នុងរង្វង់១៤,៣ភាគរយ ខណៈតម្លៃលំនៅដ្ឋានក្នុងទីក្រុងក្វាងចូវបានធ្លាក់ចុះ៨,៩ភាគរយ។

ចំណែក តម្លៃលំនៅដ្ឋាននៅទីក្រុង Toronto នៃប្រទេសកាណាដាបានធ្លាក់ចុះក្នុងអត្រា៦,៧ភាគរយ ខណៈតម្លៃលំនៅដ្ឋាននៅក្នុងទីក្រុង Vancouverបានធ្លាក់ចុះ៤,៣ភាគរយ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here