ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងតូក្យូរបស់ប្រទេសជប៉ុនសម្បូរទៅដោយអគារខ្ពស់កប់ពពក និងអគារខុនដូប្រណីតជាច្រើន។ ការណ៍នេះបង្ហាញពីភាពរីកចម្រើនរបស់ទីផ្សារអចលនទ្រព្យជប៉ុន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក តម្លៃខុនដូនៅទីក្រុងតូក្យូបានហក់ឡើងថ្លៃយ៉ាងគំហុក។
តម្លៃខុនដូថ្មីជាមធ្យមនៅសង្កាត់ទាំង២៣ នៅចំកណ្តាលទីក្រុងតូក្យូបានហក់ឡើងដល់ទំហំទឹកប្រាក់ចំនួន១១១,៨១លានយ៉េន (ប្រហែល៧៦០.០០០ដុល្លារ)។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអចលនទ្រព្យជប៉ុន (Real Estate Economic Research Institute)។
កាសែត CNBC បានរាយការណ៍ថា “តម្លៃខុនដូនៅសង្កាត់ទាំង២៣ របស់ទីក្រុងតូក្យូបានហក់ឡើងប្រហែល៦៤ភាគរយចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ខណៈតម្លៃខុនដូនៅតំបន់ Greater Tokyo សម្រេចបានកំណើន២៦ភាគរយ”។
តម្លៃខុនដូនៅសង្កាត់សំខាន់ៗក្នុងទីក្រុងតូក្យូបានហក់ឡើងយ៉ាងគំហុក ដោយសារការកើនឡើងនៃតម្លៃសម្ភារៈសំណង់ និងតម្លៃកម្លាំងពលកម្ម។ ជាមួយគ្នានេះ ការដាំក្បាលចុះនៃប្រាក់យ៉េនបានទាក់ទាញបណ្តាអ្នកវិនិយោគអន្តរជាតិទៅកាន់ទីក្រុងតូក្យូ។
ការហក់ឡើងយ៉ាងគំហុកនៃតម្លៃខុនដូក្នុងទីក្រុងតូក្យូបានទាក់ទាញចំណាប់អារម្មណ៍ផ្នែកនយោបាយ និងជំរុញឱ្យមានការពិភាក្សាជុំវិញការរឹតបន្តឹងការទិញខុនដូដោយជនបរទេស។
ជាក់ស្តែង គណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន (DPFP) ដែលទទួលបានសំឡេងគាំទ្រច្រើនក្នុងការបោះឆ្នោតសភាជាន់ខ្ពស់របស់ប្រទេសជប៉ុនកាលពីខែកក្កដា គ្រោងស្នើច្បាប់ដើម្បីធ្វើការរឹតបន្តឹងការទិញអចលនទ្រព្យដោយជនបរទេស។
លោក Yuichiro Tamaki មេដឹកនាំគណបក្ស DPFP បានលើកឡើងថា “វិនិយោគិនក្រៅប្រទេសបានជំរុញឱ្យតម្លៃផ្ទះក្នុងទីក្រុងតូក្យូហក់ឡើង ខណៈពួកគេទិញអចលនទ្រព្យទាំងនោះក្នុងគោលដៅវិនិយោគ”៕ប្រភព: CNBC៕