ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មចុះសិក្សាពីក្រុមហ៊ុនអានគ្រុបAnt Groupរបស់លោកJack Ma

0

ដោយៈ ចំណាន

ប្រទេសចិន គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ាលី ឃុនថៃអនុប្រធានសភាពាណិជ្ជកម្មបានចុះសិក្សាស្វែងយល់ពីក្រុមហ៊ុនធំមួយរបស់មហាសេដ្ឋីJack Ma។

ការចុះពិនិត្យ និងសិក្សាស្វែងយល់នេះ ក្នុងឱកាសដែលប្រតិភូសភាពាណិជ្ជកម្មបានអញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចនៅទីក្រុងធានជីន ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលបូកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។

អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ច ក្រុមហ៊ុនអានគ្រុប (Ant Group) ដើម្បីពិភាក្សាលើវិស័យហិរញ្ញវត្ថុឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងដំណោះស្រាយបច្ចេកវិទ្យា។

គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់ពីការគាំទ្រដល់ការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យម តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល និង ដកស្រង់បទពិសោធន៍ នៃដំណើរវិវត្តន៍សេដ្ឋកិច្ចឌីជីថល។

ក្រុមអានគ្រុប(Ant Group)ជាក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយដែលជាសម្ព័ន្ធក្រុមហ៊ុនអាលីបាបាគ្រុប( Alibaba Group)។ ក្រុមហ៊ុននេះ ផ្តល់សេវាកម្មហិរញ្ញវត្ថុឌីជីថល និងសេវាជីវិតឌីជីថល តាមរយៈកម្មវិធី Alipay ដែលជាកម្មវិធីឈានមុខគេ នៅលើពិភពលោក និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ដែលផ្តល់ជូនសេវាកម្មជាច្រើនដូចជា៖ ការទូទាត់ឌីជីថល ហិរញ្ញវត្ថុសម្រាប់អតិថិជន ការគ្រប់គ្រងទ្រព្យសម្បត្តិ ធានារ៉ាប់រង និងដំណោះស្រាយឥណទាន ដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here