ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រោយពីបានរៀបចំផែនការគ្រោងទុកអស់ជាច្រើនឆ្នាំ នៅទីបំផុត ប្រទេសអុីតាលីបានអនុម័តគម្រោងសាងសង់ស្ពានព្យួរដោយខ្សែកាបវែងជាងគេលើពិភពលោក ដោយតភ្ជាប់ពីតំបន់អុីតាលីដីគោកទៅកាន់កោះស្វយ័ត Sicily ឆ្លងកាត់ច្រកសមុទ្រ Messina។
បច្ចុប្បន្ន អ្នកដំណើរត្រូវឆ្លងកាត់ច្រកសមុទ្រ Messina ដោយជិះទូក ឬជិះកាណូតចំនួន២០នាទីពីទីក្រុង Villa San Giovanni ដើម្បីធ្វើដំណើរទៅកាន់កោះ Sicily ដែលជាកោះធំជាងគេបំផុតនៅសមុទ្រមេឌីទែរ៉ាណេ។
ដើម្បីសម្រួលដល់ការធ្វើដំណើរ រដ្ឋាភិបាលអុីតាលីនឹងសាងសង់ស្ពានព្យួរដោយខ្សែកាបចម្ងាយ៣,៣គីឡូម៉ែត្រ ឆ្លងកាត់ច្រកសមុទ្រ Messina ដោយគ្រោងបញ្ចប់រួចរាល់នៅឆ្នាំ២០៣៣ខាងមុខ។
ការសាងសង់ស្ពាននេះគ្រោងនឹងចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២៦ខាងមុខ ដោយត្រូវបានប៉ាន់ប្រមាណថា នឹងចំណាយទុនវិនិយោគចំនួន១៣ពាន់លានអឺរ៉ូ (ប្រហែល១៥,៥ពាន់លានដុល្លារ)។
ថ្លែងនៅក្នុងសន្និសីទជាមួយសារព័ត៌មាន Associated Press(AP) លោកស្រីនាយករដ្ឋមន្រ្តីអុីតាលី Giorgia Meloni បានចាត់ទុកគម្រោងស្ពាននេះថា ជាភាពអស្ចារ្យផ្នែកវិស្វកម្មដ៏មានសារៈសំខាន់ជាសកល។
គម្រោងនេះត្រូវបានព្យាករណ៍ថា នឹងបង្កើតការងារបានប្រមាណ១២០.០០០កន្លែងក្នុងមួយឆ្នាំក្នុងអំឡុងពេលសាងសង់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ឱកាសការងារ និងជំរុញឧស្សាហកម្មនានា ដូចជាការដឹកជញ្ជូន ផលិតកម្ម និងទេសចរណ៍៕ប្រភព: Aviation A2Z៕