ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងលំនៅដ្ឋានថ្មីនៅប្រទេសម៉ាឡេស៊ីបានដាំក្បាលចុះយ៉ាងគំហុកក្នុងឆមាសទីមួយនៃឆ្នាំនេះ ខណៈចំនួនលំនៅដ្ឋានលក់មិនដាច់(Unsold) បានកើនឡើង។ ការណ៍នេះបង្ហាញពីការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។
យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុម៉ាឡេសុីបានឱ្យដឹងថា គម្រោងលំនៅដ្ឋានសរុបចំនួន២៣.៣៨០យូនីតត្រូវបានបើកសម្ពោធក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៥ ដាំក្បាលចុះ៤៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែក ចំនួនលំនៅដ្ឋានលក់មិនដាច់បានហក់ឡើង១៩ភាគរយធៀបនឹងឆ្នាំមុនដល់ចំនួន២៦.៩១១យូនីត។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលម៉ាឡេសុី ដែលត្រូវបានដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ទោះជាយ៉ាងណា អាជ្ញាធរម៉ាឡេសុីរំពឹងថា ទីផ្សារអចលនទ្រព្យលំនៅដ្ឋាននឹងងើបឡើងវិញជាបណ្តើរៗ ដោយសារប្រាក់កម្ចីមានអត្រាការប្រាក់ទាប បន្ទាប់ពីធនាគារកណ្តាលម៉ាឡេសុីបានកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនកាលពីខែកក្កដាកន្លងមក។
លោក Amir Hamzah រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេសុី បានលើកឡើងថា វិស័យអចលនទ្រព្យរបស់ប្រទេសនេះត្រូវបានរំពឹងថា នឹងបន្តរក្សាបានសន្ទុះនៃការងើបឡើងវិញ។
លោកបានកត់សម្គាល់ថា ការបញ្ចុះអត្រាការប្រាក់កាលពីខែកក្កដារបស់ធនាគារកណ្តាលម៉ាឡេសុីរំពឹងថា នឹងជួយបង្កើនសមត្ថភាពហិរញ្ញវត្ថុរបស់អ្នកទិញ និងជំរុញតម្រូវការទីផ្សារអចលនទ្រព្យ ជាពិសេសនៅក្នុងផ្នែកលំនៅដ្ឋាន។
កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ធនាគារកណ្តាលម៉ាឡេសុី ( Bank Negara Malaysia) បានកាត់បន្ថយអត្រាការប្រាក់គោលរបស់ខ្លួនចំនួន០,២៥ភាគរយ ដោយទាញទម្លាក់ពីអត្រា៣ភាគរយមកនៅសល់ត្រឹម២,៧៥ភាគរយ៕ប្រភព: Bloomberg៕