តើតម្លៃមាសថ្ងៃនេះប្រែប្រួលដូចម្ដេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារតែការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញារបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក (Fed) ខណៈក្រុមអ្នកវិនិយោគក៏ទន្ទឹងរង់ចាំមើលទិន្នន័យអតិផរណាអាមេរិកផងដែរ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៣ភាគរយដល់៣៦៣៤,៥១ដុល្លារក្នុងមួយអោន បន្ទាប់ពីបានបិទការជួញដូរត្រឹមទំហំទឹកប្រាក់ប្រមាណ៣៦២៦,១៣ដុល្លារក្នុងមួយអោនកាលពីថ្ងៃអង្គារម្សិលមិញ។

ទោះជាយ៉ាងណា តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានថយចុះ០,៣ភាគរយមកនៅត្រឹម៣៦៧១,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង៩:២៧នាទីព្រឹកដូចគ្នា។

យោងតាមគេហទំព័រ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៧ ខែកញ្ញា។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម៩៧,៧៧ពិន្ទុនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលបានបិទការជួញដូរត្រឹម៩៧,៨ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here