តើទីផ្សារអចលនទ្រព្យនៅទីក្រុងគូឡាឡាំពួរ និងរដ្ឋ Johor របស់ម៉ាឡេសុីមួយណាមានភាពទាក់ទាញជាង?

0
ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបានជំរុញឱ្យរដ្ឋ Johor របស់ម៉ាឡេសុីរីកលូតលាស់យ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ ទីក្រុងគូឡាឡាំពួរនៅតែមានភាពទាក់ទាញជាង។

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបានជំរុញឱ្យរដ្ឋ Johor របស់ម៉ាឡេសុីរីកលូតលាស់យ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយនៅជិតព្រំដែនសិង្ហបុរី។ យ៉ាងណាមិញ ទីក្រុងគូឡាឡាំពួរនៅតែមានភាពទាក់ទាញជាង។

តួយ៉ាង គម្រោងរថភ្លើងល្បឿនលឿន Johor-Singapore តភ្ជាប់រវាងទីក្រុង Johor Bahru និងទីក្រុងសិង្ហបុរី ជាកត្តាជំរុញមួយដ៏ធំ។ តម្លៃដីនៅជិតគម្រោងនេះបានកើនឡើងគួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) បានទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាអ្នកវិនិយោគអន្តរជាតិឱ្យចូលទៅបណ្តាក់ទុន។

ដោយសារមានទីតាំងនៅជិតប្រទេសសិង្ហបុរី រដ្ឋ Johor ត្រូវបានគេវាយតម្លៃថា មានភាពទាក់ទាញ។ តម្លៃអចលនទ្រព្យលំដាប់ខ្ពស់មួយចំនួននៅទីក្រុង Johor Bahru ដូចជា ខុនដូ បានកើនឡើងដល់១.០០០រីងហ្គីតទៅ១.៥០០រីងហ្គីតក្នុងមួយហ្វីតការ៉េ។

ការដាក់ចេញវិធានការលើកទឹកចិត្តរបស់រដ្ឋាភិបាលម៉ាឡេសុី ការបង្កលក្ខណៈងាយស្រួលលើបទប្បញ្ញត្តិ និងការអភិវឌ្ឍន៍ដីធ្លីនៅក្នុងតំបន់យុទ្ធសាស្ត្រធ្វើឱ្យរដ្ឋ Johor កាន់តែមានភាពទាក់ទាញ។

ទោះជាយ៉ាងនេះក្តី ទីក្រុងគូឡាឡាំពួរត្រូវបានគេវាយតម្លៃថា នៅតែមានភាពទាក់ទាញជាងរដ្ឋ Johor។ ជាក់ស្តែង ចំនួនដីទំនេរនៅទីក្រុងគូឡាឡាំពួរមានកម្រិត ជាពិសេសនៅចំកណ្តាលទីក្រុង។ ការណ៍នេះធ្វើឱ្យតម្លៃដីក្នុងទីក្រុងកើនឡើងកាន់តែខ្ពស់។

ម៉្យាងទៀត បណ្តាក្រុមហ៊ុនពាណិជ្ជកម្ម ក្រុមហ៊ុនហិរញ្ញវត្ថុ អ្នកវិនិយោគបរទេស និងរដ្ឋាភិបាល ជាប្រភពចម្បងៗ ដែលជួយជំរុញតម្រូវការអចលនទ្រព្យនៅក្នុងទីក្រុងគូឡាឡាំពួរ។ ទីក្រុងមួយនេះមានការអភិវឌ្ឍន៍ជាច្រើនទស្សវត្សកន្លងមកហើយ ដោយប្រមូលផ្តុំនូវសកម្មភាពសេដ្ឋកិច្ចយ៉ាងច្រើន។

ទីក្រុងគូឡាឡាំពួរសម្បូរទៅដោយអគារពាណិជ្ជកម្មលំដាប់ខ្ពស់ជាច្រើន និងជាទីស្នាក់ការកណ្តាលរបស់បណ្តាក្រុមហ៊ុនអន្តរជាតិ ហើយក្រុមអ្នកជំនាញអាចព្យាករណ៍ទុកមុនអំពីស្ថានភាពទីផ្សារអចលនទ្រព្យក្នុងទីក្រុងមួយនេះ ដែលជួយកាត់បន្ថយហានិភ័យក្នុងការសម្រេចចិត្តរបស់អ្នកវិនិយោគ៕ប្រភព: Edgeprop & Malay Mail៕

LEAVE A REPLY

Please enter your comment!
Please enter your name here