ចំណេះដឹងថ្មី! តើផែនការរយៈពេល៥ឆ្នាំខាងមុខរបស់ មហាយក្សចិនផ្តោតលើអ្វី?

0

ដោយៈ ហ៊ូ ចំរើនអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌល​អភិវឌ្ឍន៍កម្ពុជា

ប្រទេសចិនៈ សម័យប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងការអនុម័តលើសេចក្តីព្រាង “ផែនការប្រាំឆ្នាំលើកទី១៥ (២០២៦–២០៣០)” ដែលជាឯកសារអភិវឌ្ឍជាតិដ៏សំខាន់របស់ចិនសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។

ផែនការនេះ មិនត្រឹមជាផែនទីចង្អុលផ្លូវសម្រាប់ប្រជាជន និងរដ្ឋាភិបាលចិន ឆ្ពោះទៅសម្រេចគោលដៅសតវត្សរ៍ទីពីរ ក្នុងការកសាងប្រទេសសង្គមនិយម ទំនើបដ៏អស្ចារ្យលើគ្រប់វិស័យទេ តែថែមទាំងនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសកល ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងភាពមិនច្បាស់លាស់ និងឯកតោភាគីនិយម។

យោងតាមសេចក្តីប្រកាសរួម នៃសម័យប្រជុំពេញអង្គខាងលើរដ្ឋាភិបាលចិន នឹងផ្តល់សារៈសំខាន់កាន់តែខ្លាំងថែមទៀត ដល់ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងការលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯងផ្នែកបច្ចេកវិទ្យា។ ទិសដៅថ្មីនេះ ត្រូវបានមើលឃើញថាជាការបន្តនូវស្មារតីនៃផែនការប្រាំឆ្នាំទី១៤ (២០២០-២០២៥) ហើយនឹងនាំមកនូវវឌ្ឍនភាពថ្មីៗបន្ថែមទៀតសម្រាប់តំបន់ និងពិភពលោកទាំងមូល។

បើក្រឡេកមើលទៅរយៈពេលប៉ុន្មាន ទស្សវត្សរ៍ចុងក្រោយនេះ សហគមន៍អន្តរជាតិ បានមើលឃើញយ៉ាងច្បាស់ និងទទួលស្គាល់រួចហើយនូវសន្ទុះអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់ និងការរួមចំណែកដ៏មានតម្លៃរបស់ប្រទេសចិនដល់ការអភិវឌ្ឍសកល។

តាមរយៈការអនុវត្តផែនការប្រាំឆ្នាំ នាពេលកន្លងមក ប្រទេសចិនបានរំដោះប្រជាជនចិនជាង៨០០លាននាក់ ចេញពីភាពក្រីក្រ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់ ដែលរួមចំណែកប្រមាណ៣០% ដល់កំណើនសេដ្ឋកិច្ចសកល។

សមិទ្ធិផលទាំងនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលនៃការអនុវត្តផែនការប្រាំឆ្នាំ ប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាលចិន ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រជាជនចិនទាំង១.៤ពាន់លាននាក់។

លើសពីសមិទ្ធផលក្នុងការអភិវឌ្ឍជាតិរបស់ខ្លួន ប្រទេសចិនបានជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេសជាង១៥០ប្រទេស និងបានកាត់បន្ថយអត្រាពន្ធគយមធ្យម មកត្រឹមតែ៧,៣% និងរក្សាបាននូវតំណែងជាប្រទេសនាំចូលធំជាងគេលំដាប់ទី២ រយៈពេល១៦ឆ្នាំជាប់គ្នា។

ក្នុងនាមជាប្រទេសឈានមុខ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តជាតិ លើវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា5G រថភ្លើងល្បឿនលឿន និងថាមពលបៃតង។ល។

គំនិតផ្តួចផ្តើមរបស់ចិនក្នុងការបង្កើត “អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក” កាលពីខែកក្កដា ឆ្នាំ២០២៥ គឺជាការបោះជំហានដ៏សំខាន់មួយ សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិលើការស្រាវជ្រាវ និងអភិបាលកិច្ចក្នុងវិស័យបញ្ញាសិប្បនិម្មិត។

តាមរយៈការដាក់ចេញ នូវផែនការសកម្មភាពកសាងសមត្ថភាពបញ្ញាសិប្បនិម្មិតសម្រាប់បំណងល្អ និងសម្រាប់ទាំងអស់គ្នា ប្រទេសចិន បានប្តេជ្ញាបន្តចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួន ដើម្បីជួយដល់បណ្តាប្រទេសសកលខាងត្បូង ក្នុងការបង្កើនសមត្ថភាពឌីជីថល បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា ដែលជាកាតាលីករដ៏សំខាន់សម្រាប់ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ជារួម ការបន្តផ្តោតលើការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ក្នុងរយៈពេល៥ឆ្នាំខាងមុខ មិនត្រឹមតែបង្ហាញពីទំនុកចិត្ត និងសមត្ថភាពរបស់រដ្ឋាភិបាលចិន ក្នុងការរក្សាកំណើនសេដ្ឋកិច្ចទេ ប៉ុន្តែថែមទាំងបន្តនាំមកនូវលទ្ធផលកាន់តែជាក់ស្តែងថែមទៀត សម្រាប់នវានុវត្តន៍សក​ល ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមសម្រាប់តំបន់ និងពិភពលោកផងដែរ។

ផ្លែផ្កានៃការអភិវឌ្ឍរបស់ប្រទេសចិន នឹងបន្តរួមចំណែកជាវិជ្ជមានដល់ការជំរុញសមាហរណកម្ម និងកំណើនសកល ព្រមទាំងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការអន្តរជាតិ ឈានដល់កម្រិតថ្មីមួយទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here