ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋ Johor សម្រេចបាននូវកំណើនខ្ពស់បំផុតនៃតម្លៃអចលនទ្រព្យនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ដោយសារការកើនឡើងនៃតម្លៃអាផាតមុិន និងលំនៅឋានជាប់ដី(Landed home) បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។
លោក Jamie Tan នាយកគ្រប់គ្រងក្រុមហ៊ុន JLL ប្រចាំប្រទេសម៉ាឡេស៊ី បាន៑អះអាងថា តម្លៃអាផាតមុិនជាមធ្យមបានហក់ឡើង២០,៨ភាគរយពី៥៤៩រីងហ្គីតក្នុងមួយហ្វីតការ៉េ ក្នុងឆ្នាំ២០២៤ ដល់៧១១រីងហ្គីតក្នុងមួយហ្វីតការ៉េ ក្នុងត្រីមាសទី៣ ឆ្នាំនេះ។
លោកបានលើកឡើងថា កំណើននេះត្រូវបានជំរុញ ដោយការដាក់ឱ្យដំណើរការនូវគម្រោងអាផាតមុិនលំដាប់ខ្ពស់ជាច្រើននៅលើទីផ្សារក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។
-->
ទន្ទឹមនឹងនេះ តម្លៃលំនៅឋានជាប់ដីនៅទីក្រុង Johor Bahru បានហក់ឡើង១០,២ភាគរយ ពី៣៥២រីងហ្គីតក្នុងមួយហ្វីតការ៉េ ក្នុងឆ្នាំ២០២៤ ដល់៣៨៨រីងហ្គីតក្នុងមួយហ្វីតការ៉េ នៅត្រីមាសទី៣។

ទីផ្សារលំនៅឋានរបស់រដ្ឋ Johor បានបន្តសម្រេចបាននូវកំណើនគួរឱ្យកត់សម្គាល់។ កំណើននៃតម្លៃអចលនទ្រព្យនៅរដ្ឋមួយនេះបានវ៉ាដាច់រដ្ឋ Selangor ទីក្រុងគូឡាឡាំពួរនិងរដ្ឋ Penang។
កំណើនយ៉ាងរឹងមាំនៃតម្លៃអចលនទ្រព្យនៅក្នុងរដ្ឋ Johor ស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ាឡេសុី ត្រូវបានជំរុញដោយការអភិវឌ្ឍជាយុទ្ធសាស្ត្រនូវតំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) រួមជាមួយនឹងផលវិជ្ជមានពីកំណើននៃការវិនិយោគផ្នែកឧស្សាហកម្ម និងមជ្ឈមណ្ឌលទិន្នន័យ។
ដោយឡែក តម្រូវការលំនៅឋានលំដាប់ខ្ពស់នៅទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេសុីនៅតែមានភាពរឹងមាំ ដោយសារកំណើននៃអ្នកទិញក្នុងស្រុក និងជនបរទេស៕ប្រភព: Edgeprop៕
