រដ្ឋមន្ត្រីការងារស្នើសហជីពចិនជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឱ្យគណៈប្រតិភូសហជីពចិនបន្តការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសហជីពនៅកម្ពុជា ពិសេសសូមជួយជំរុញអ្នកវិនិយោគចិន ឱ្យមកវិនិយោគបន្ថែមកាន់តែច្រើននៅកម្ពុជា និងស្នើដល់មិត្តចិនជួយទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ។

លោក អ៉ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ជាំង ណាន អគ្គនាយកនៃនាយកដ្ឋានច្បាប់ របស់មជ្ឈមណ្ឌលការងារចិនដើម្បីសហប្រតិបត្តិការអន្តរជាតិ (CWCIE) នៃសហជីពទូទាំងប្រទេសចិន (ACFTU) នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ បានលើកឡើងអំពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានឯកឧត្តម ស៊ី ជិនពីង ជាប្រធានាធិបតី។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹង របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើគោលនយោបាយ «ខ្សែក្រវាត់មួយ ផ្លូវមួយ» របស់មហាយក្សចិន ដែលទើបតែបញ្ចប់មហាសន្និបាត កាលពីពេលថ្មីៗកន្លងទៅនេះ ហើយកម្ពុជាក៏ជាប្រទេសមួយ ដែលទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការអនុវត្តគោលនយោបាយនេះ។

មិនត្រឹមតែទទួលបានកិច្ចសហប្រតិបត្តិការណ៍ លើការអភិវឌ្ឍវិស័យគមនាគមន៍ ហេដ្ឋារចនាសម្ពន្ធ ទេសចរណ៍ និងវិស័យមួយចំនួនទៀតប៉ុណ្ណោះទេ កម្ពុជាក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើន លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាការវិនិយោគលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ពីការគាំទ្រគោលនយោបាយខ្សែក្រវាត់ និងផ្លូវនេះផងដែរ។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានស្នើនៅចំពោះមុខលោកស្រី ជាំង ណាន សូមឱ្យភាគីសហជីពនៅប្រទេសចិន ធ្វើយ៉ាងណាជួយជំរុញអ្នកវិនិយោគចិន មកបណ្ដាក់ទុកវិនិយោគបន្ថែមឱ្យកាន់តែច្រើននៅប្រទេសកម្ពុជា និងជួយបង្កើនការបញ្ជាទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។ការជួយទិញទំនិញ និងការមកវិនិយោគនៅកម្ពុជាកាន់តែច្រើន គឺដូចជាជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលជាមហាមិត្តម៉ឺនឆ្នាំជាមួយចិន។

បច្ចុប្បន្នកម្ពុជាមានរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណ,២០០កន្លែង ក្នុងនោះស្ថិតក្រោមការវិនិយោគរបស់អ្នកវិនិយោគចិនមានប្រមាណ ៧០០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here