ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់DHH មកពីរដ្ឋធានីប៉េកាំងប្រទេសចិន គ្រោងបើកការិយាល័យតំណាងនៅកម្ពុជា និងប្រទេសមួយចំនួននៅក្នុងតំបន់។
ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកលឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់DHH មកពីរដ្ឋធានីប៉េកាំងប្រទេសចិន។
-->
បច្ចុប្បន្នក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់DHH មានការិយាល័យនៅប្រទេសចិន ៣៥ និងនៅបរទេសចំនួន១៥ ព្រមទាំងមានបុគ្គលិកដែលមានវិជ្ជាជីវៈផ្នែកច្បាប់ប្រមាណ៣ពាន់នាក់។
ទន្ទឹមនេះ ក្រុមហ៊ុនគ្រោង នឹងបើកការិយាល័យនៅប្រទសកម្ពុជា ថៃ និងវៀតណាម តាមរយៈដំណើទស្សនកិច្ចលើកនេះ។
នៅក្នុងកិច្ចពិភាក្សា លោកលឹម វិសាល បានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងចំណុចសំខាន់ៗមួយចំនួន ដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា វឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស របបលើកទឹកចិត្តវិនិយោគ ពន្ធដារ កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា កិច្ចសម្រួលនិងការថែទាំវិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញ សម្រាប់លើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់៕
