ដោយ: សហសេវិក
អន្តរជាតិ: ផ្ទះ Penthouse នៅក្នុងគម្រោងអភិវឌ្ឍន៍ Mont Verra របស់ក្រុមហ៊ុន Kerry Properties ក្នុងសង្កាត់ Kowloon Tong ត្រូវបានលក់ចេញក្នុងតម្លៃ២៥០លានដុល្លារហុងកុង (៣២,១លានដុល្លារអាមេរិក) កាលពីខែមុន ខណៈពលរដ្ឋចិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបានបន្តសម្រុកទិញផ្ទះប្រណីតៗនៅទីក្រុងហុងកុងក្នុងតម្លៃថោកជាងមុន។
អ្នកទិញមានប្រភពមកពីគ្រួសារមួយក្នុងចំណោមគ្រួសារដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងខេត្តអានហួយ(Anhui) ដែលជាខេត្តមួយស្ថិតនៅភាគខាងកើតនៃប្រទេសចិន។
យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ផ្ទះនេះត្រូវបានលក់ចេញនៅថ្ងៃទី៧ ខែវិច្ឆិកា ហើយបានចុះបញ្ជីជាមួយការិយាល័យចុះបញ្ជីដីធ្លីហុងកុងនៅថ្ងៃទី៥ ខែធ្នូ ក្រោមឈ្មោះរបស់លោក Wu Weidong និងភរិយាឈ្មោះ Pan Junfang ក្នុងទំហំទឹកប្រាក់សរុប២៥០លានដុល្លារហុងកុង។
-->

គ្រួសារ Wu បានកសាងទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Wuhu Shunrong Auto Parts ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ មុនពេលពង្រីកខ្លួនទៅកាន់អាជីវកម្មហ្គេមអនឡាញ បន្ទាប់ពីគ្រួសារនេះបានទិញភាគហ៊ុនមួយភាគធំពីក្រុមហ៊ុន 37 Interactive Entertainment Network Technology Group ក្នុងឆ្នាំ២០១៣។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះបានវិវឌ្ឍខ្លួនទៅជាក្រុមហ៊ុនអភិវឌ្ឍន៍ និងប្រតិបត្តិករហ្គេមធំជាងគេបំផុតមួយរបស់ប្រទេសចិន។ ក្រុមគ្រួសារនេះបានលក់ភាគហ៊ុនរបស់ខ្លួនបន្តិចម្តងៗនៅក្នុងក្រុមហ៊ុន 37 Interactive ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ លោក Wu Weidong កាន់កាប់ភាគហ៊ុន១,៩ភាគរយគិតត្រឹមរបាយការណ៍បណ្តោះអាសន្នឆ្នាំ២០២៥ របស់ក្រុមហ៊ុន។
កាលពីខែវិច្ឆិកាដូចគ្នា អ្នកទិញម្នាក់ ដែលមានឈ្មោះដូចគ្នានឹងអ្នកវិនិយោគភាគហ៊ុនជើងចាស់វស្សាលោក Xu Liusheng បានទិញផ្ទះប្រណីតមួយនៅគម្រោង Deep Water Bay ក្នុងទីក្រុងហុងកុង ក្នុងតម្លៃ៣៤២លានដុល្លារហុងកុង៕ប្រភព: SCMP៕
