កាសែត Nikkei៖ កម្ពុជាដាក់ពាក្យសុំចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ដើម្បីធ្វើពិពិធកម្មទីផ្សារ

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនបានទម្លាយប្រាប់កាសែត Nikkei Asia ថា ប្រទេសកម្ពុជាបានដាក់ពាក្យស្នើសុំចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ការចរចាចូលជាសមាជិកអាចចាប់ផ្តើមបានលុះត្រាតែប្រទេសជាសមាជិកទាំង១២ ផ្តល់ការយល់ព្រម ដោយការចរចាត្រូវបានគេរំពឹងថា នឹងផ្តោតលើបញ្ហាដូចជា វិសាលភាពនៃការលុបបំបាត់ពន្ធ។ នេះមានន័យថា សមាជិកភាពរបស់កម្ពុជានឹងត្រូវបានអនុម័ត នៅពេលមានការយល់ព្រមជាឯកច្ឆន្ទ។

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក បណ្តាប្រទេសជាច្រើនទៀតបានបង្ហាញការចាប់អារម្មណ៍ក្នុងការចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដែលមានគោលដៅលើកកម្ពស់ពាណិជ្ជកម្មតាមរយៈការលុបចោលពន្ធគយ ឬកំណត់អត្រាពន្ធគយទាបជាងមុន។

បណ្តាប្រទេស និងតំបន់សរុបចំនួន១០ រួមទាំងកម្ពុជា កំពុងចរចា ឬបានដាក់ពាក្យចូលរួមជាផ្លូវការ។ នាពេលបច្ចុប្បន្ន ចំនួនប្រមាណ៤០ភាគរយនៃការនាំចេញទំនិញសរុបរបស់កម្ពុជាមានគោលដៅទៅកាន់សហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិកបានកាត់បន្ថយអត្រាពន្ធគយបដិកាលើកម្ពុជា ពី៤៩ភាគរយមកនៅត្រឹម១៩ភាគរយ។ យ៉ាងណាមិញ កម្ពុជានៅតែមានភាពចាំបាច់ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ខ្លួន តាមរយៈការស្នើចូលជាសមាជិកកិច្ចព្រមព្រៀង CPTPP។

កិច្ចព្រមព្រៀង CPTPP បានចូលជាធរមាននៅឆ្នាំ២០១៨។ ប្រទេសអង់គ្លេសបានចូលជាសមាជិកកិច្ចព្រមព្រៀងនេះនៅឆ្នាំ២០២៤ បន្ទាប់ពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។

បច្ចុប្បន្ន កិច្ចព្រមព្រៀង CPTPP មានប្រទេសជាសមាជិកសរុបទាំងអស់ចំនួន១២ ដូចជា អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី វៀតណាម និងអង់គ្លេស៕ប្រភព: Nikkei Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here