ប្រទេសចិនប្តេជ្ញាជំរុញការកែលម្អទីក្រុង និងធ្វើឱ្យទីផ្សារលំនៅដ្ឋានមានស្ថិរភាពនៅឆ្នាំ២០២៦ខាងមុខ

0

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនគ្រោងជំរុញការកែលម្អទីក្រុង និងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរបស់ខ្លួនមានស្ថិរភាពនៅឆ្នាំ២០២៦ ស្របពេលប្រទេសចិនចាប់ផ្តើមផែនការថ្មីចុងក្រោយរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០។

រដ្ឋាភិបាលចិនបានគូសបញ្ជាក់ពីកិច្ចការអភិវឌ្ឍន៍លំនៅឋានសម្រាប់ផែនការរយៈពេល៥ឆ្នាំ និងបានចាត់ទុកឆ្នាំ២០២៦ថា ជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ការអនុវត្តគោលនយោបាយ។ នេះបើយោងតាមក្រសួងលំនៅឋាន។

ប្រទេសចិនគ្រោងផ្តោតជាសំខាន់លើការពន្លឿនការអភិវឌ្ឍទីក្រុង និងធ្វើឱ្យទីផ្សារលំនៅឋានមានស្ថិរភាព តាមរយៈកាត់បន្ថយហានិភ័យ និងជំរុញការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យ។

វិស័យអចលនទ្រព្យ ដែលធ្លាប់ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានដាំក្បាលចុះជាបន្តបន្ទាប់ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១ ទោះបីជារដ្ឋាភិបាលចិនបានប្តេជ្ញាម្តងហើយម្តងទៀតក្នុងការជំរុញវិស័យនេះឱ្យស្ទុះងើបឡើងវិញយ៉ាងណាក្តី។

ការធ្លាក់ចុះនៃការលក់ និងតម្លៃលំនៅឋានបានជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ ខណៈទ្រព្យសម្បត្តិគ្រួសារប្រមាណ៧០ភាគរយត្រូវបានផ្សារភ្ជាប់ទៅនឹងទីផ្សារអចលនទ្រព្យ។

ក្រុមមន្ត្រីរដ្ឋាភិបាលចិនបានលើកឡើងថា គោលនយោបាយនឹងត្រូវបានរៀបចំឡើងដើម្បីសម្របទៅនឹងលក្ខខណ្ឌក្នុងស្រុក ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់ និងកាត់បន្ថយស្តុកលំនៅឋាន។

វិធានការនានារួមមាន ការជួសជុលភូមិក្នុងទីក្រុង និងការគាំទ្ររដ្ឋបាលមូលដ្ឋានក្នុងការទិញផ្ទះពីអ្នកអភិវឌ្ឍន៍ ដែលជួបប្រទះវិបត្តិសាច់ប្រាក់ ដើម្បីប្រែក្លាយជាលំនៅឋាន ដែលមានតម្លៃសមរម្យ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here