ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ីកំពុងប្រែប្រួលគួរឱ្យកត់សម្គាល់ ស្របពេលមានការកើនឡើងនៃចំណាប់អារម្មណ៍ពីជនបរទេស នគរូបនីយកម្ម និងគោលនយោបាយរបស់រដ្ឋាភិបាល។
ជនបរទេសកំពុងចាប់អារម្មណ៍កាន់តែខ្លាំងឡើងលើទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ និងប្រណីតរបស់ឥណ្ឌូនេសុី ជាពិសេសនៅក្នុងមជ្ឈមណ្ឌលទីក្រុងធំៗដូចជាទីក្រុងហ្សាការតា និងកោះបាលី។
តម្រូវការអចលនទ្រព្យលំដាប់ខ្ពស់កំពុងកើនឡើងយ៉ាងគំហុក ដោយជនបរទេសគ្របដណ្តប់ចំណែក៦០ភាគរយនៃការទិញអចលនទ្រព្យប្រណីត ជាពិសេសមកពីប្រទេសសិង្ហបុរី សហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី។
-->
ការផ្តល់ប្រាក់កម្ចីទិញផ្ទះនៅឥណ្ឌូនេស៊ីក៏អាចនឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ ដោយប្រាក់កម្ចីទិញផ្ទះសរុបត្រូវបានគេរំពឹងថា នឹងកើនឡើងពី៤៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ដល់ចំនួន៧០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០៣០ខាងមុខ។

តម្រូវការលំនៅឋាននៅប្រទេសឥណ្ឌូនេស៊ីត្រូវបានជំរុញដោយការកើនឡើងនៃប្រាក់ចំណូល កម្លាំងពលកម្មដែលមានតម្លៃសមរម្យ និងចំនួនប្រជាជនវ័យក្មេង ដែលភាគច្រើនជាប្រជាជនក្នុងស្រុក។
ចំនួនប្រជាជន ដែលមានការងារធ្វើនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងពីចំនួន១៣០លាននាក់ ដល់ចំនួន១៤៥លាននាក់ ចន្លោះពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤។ ជាមួយគ្នានេះ ការដំឡើងប្រាក់ឈ្នួលមានអត្រាប្រហែល៨ភាគរយរៀងរាល់១៨ខែម្តង។
ចំណែក ផលទុនជាតិសរុប (GDP) របស់ប្រទេសនេះបានកើនឡើងពីទំហំទឹកប្រាក់ជាង១ទ្រីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ដល់ជាង១,៤ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ២០២៥។
ចំនួនប្រជាជនឥណ្ឌូនេស៊ីបានកើនឡើងដល់ចំនួន២៨២លាននាក់ ខណៈនគរូបនីយកម្មមានអត្រា៦០ភាគរយកាលពីឆ្នាំ២០២៤កន្លងមក។ ចំនួនជិត៤៨ភាគរយនៃប្រជាជនឥណ្ឌូនេសុីសរុបមានអាយុក្រោម៣០ឆ្នាំ៕ប្រភព: Ken Research៕
