ទីផ្សារលំនៅឋាននៅទីក្រុងហុងកុងកំពុងបង្ហាញសញ្ញាងើបឡើងវិញ ខណៈតម្លៃផ្ទះបានកើនឡើង

0

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅទីក្រុងហុងកុងនៃប្រទេសចិនបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមក។ នេះជាសញ្ញាច្បាស់លាស់បំផុតបង្ហាញថា ទីផ្សារលំនៅឋានរបស់ទីក្រុងហុងកុងកំពុងចាប់ផ្តើមងើបឡើងវិញ។

តម្លៃផ្ទះនៅតំបន់រដ្ឋបាលពិសេសហុងកុងបានកើនឡើង៣,២៥ភាគរយនៅឆ្នាំ២០២៥បើធៀបនឹងឆ្នាំ២០២៤ ដែលជាការកើនឡើងប្រចាំឆ្នាំលើកដំបូងចាប់តាំងពីឆ្នាំ២០២១។នេះបើយោងតាមការចុះផ្សាយដោយកាសែត Bloomberg។

ទំនុកចិត្តលើទីផ្សារ​លំនៅឋាន​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ីមួយនេះ​បាន​ងើបឡើង​វិញ ដោយសារ​អត្រា​ការប្រាក់​លើកម្ចីទិញផ្ទះបាន​ធ្លាក់ចុះ និង​កំណើននៃតម្រូវការ​របស់អ្នកទិញ​ផ្ទះមកពីតំបន់ចិនដីគោក។

អាជ្ញាធរ​រូបិយវត្ថុរបស់តំបន់រដ្ឋបាលពិសេស​ហុងកុង​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​​ចំនួន៣ដង​កាលពី​ឆ្នាំមុន ស្របតាម​ចំណាត់ការ​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក(Fed)។

លោកស្រី Alicia Garcia Herrero សេដ្ឋវិទូនៃក្រុមហ៊ុន Natixis ជឿជាក់ថា ទីផ្សារលំនៅឋានហុងកុងអាចនឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ ហើយអត្រាការប្រាក់នឹងត្រូវបានកាត់បន្ថយបន្ថែមទៀតនៅឆ្នាំ២០២៦នេះ។

យោងតាមទិន្នន័យពីភ្នាក់ងារអចលនទ្រព្យ Midland Realty បានឱ្យដឹងថា បណ្តាអ្នកវិនិយោគមកពីតំបន់ចិនដីគោកបានបណ្តាក់ទុនចំនួន១៣៨ពាន់លានដុល្លារហុងកុងក្នុងការទិញលំនៅឋាននៅទីក្រុងហុងកុងកាលពីឆ្នាំមុន ដែលគ្របដណ្តប់ចំនួនប្រមាណ២០ភាគរយនៃប្រតិបត្តិការសរុប៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here