ប្រទេសចិនគ្រោងជំរុញស្តារវិស័យអចលនទ្រព្យ និងធ្វើទំនើបកម្មឧស្សាហកម្មសំណង់ ចាប់ពីឆ្នាំ២០២៦នេះ

0

ដោយ: សហសេវិក
អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងលំនៅឋាន លោក Ni Hong បានអះអាងថា ប្រទេសចិនគ្រោងស្តារវិស័យអចលនទ្រព្យ ពន្លឿនការកែលម្អទីក្រុង និងធ្វើទំនើបកម្មឧស្សាហកម្មសំណង់ចាប់ពីឆ្នាំ២០២៦ ដើម្បីជំរុញផែនការរយៈពេល៥ឆ្នាំលើកទី១៥ (២០២៦-២០៣០)។

លោក Ni បានបន្តថា រយៈពេល៥ឆ្នាំខាងមុខមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍទីក្រុង-ជនបទ។ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក្តី ប៉ុន្តែឱកាសថ្មីៗក៏លេចចេញឡើងផងដែរ។

ជាមួយគ្នានេះ ការកែលម្អគុណភាពទីផ្សារអចលនទ្រព្យគឺជាអាទិភាពគោលនយោបាយកំពូល ហើយរដ្ឋាភិបាលចិនបានសង្កត់ធ្ងន់លើតម្រូវការក្នុងការធ្វើឱ្យទីផ្សារលំនៅដ្ឋានមានស្ថិរភាពឡើងវិញ។

ខណៈនគរូបនីយកម្ម​នៅតែបន្តរីកចម្រើន ប្រទេសចិននៅតែមានឱកាសក្នុងការប្រើប្រាស់លំនៅឋានប្រភេទទី២ បានកាន់តែប្រសើរឡើង។ តម្រូវការលំនៅឋាន ដែលមានគុណភាពខ្ពស់ក៏កំពុងកើនឡើងផងដែរ ដែលបង្ហាញពីសក្តានុពលរយៈពេលវែងសម្រាប់ទីផ្សារលំនៅឋាន។

អាជ្ញាធរមូលដ្ឋាននៃប្រទេសចិននឹងបន្តដាក់ចេញគោលនយោបាយរៀងៗខ្លួន ដើម្បីកាត់បន្ថយការផ្គត់ផ្គង់លំនៅឋានថ្មី សម្រាលចំនួនស្តុកលំនៅឋានលើសតម្រូវការ និងកែលម្អគុណភាពលំនៅឋាន។ រដ្ឋាភិបាលនឹងគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានសម្រាប់បណ្តាអ្នកអភិវឌ្ឍន៍ និងបំពេញតម្រូវការលំនៅដ្ឋានជាមូលដ្ឋានឱ្យបានប្រសើរឡើង។

ការ​អភិវឌ្ឍ​ទីក្រុង​នឹង​នៅ​តែ​ជា​ចំណុច​សំខាន់​មួយ។ ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​នេះ ប្រទេស​ចិន​បាន​ជួសជុល​សហគមន៍​លំនៅឋាន​ចាស់ៗ​ចំនួន២៦.០០០កន្លែង ដំឡើង​ជណ្តើរយន្ត​ចំនួន១៤.០០០គ្រឿង សាងសង់​ឧទ្យាន​តូចៗ​ជាង៤.៧០០កន្លែង និង​បាន​បញ្ចប់ការសាងសង់​ផ្លូវ​ Greenway​ ជាង៥.៨០០គីឡូម៉ែត្រ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​រាប់លាន​នាក់។

ប្រទេសចិនក៏នឹងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មសំណង់របស់ខ្លួន ដោយលើកកម្ពស់បច្ចេកវិទ្យាថ្មីៗ សំណង់ឆ្លាតវៃ និងអគារបៃតង។ ប្រទេសនេះមានគម្រោងពង្រឹងនវានុវត្តន៍ អភិវឌ្ឍកម្លាំងជំរុញផលិតភាពថ្មីៗ និងលើកទឹកចិត្តក្រុមហ៊ុនសំណង់ឱ្យពង្រីកខ្លួនលើឆាកអន្តរជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងទូទាំងពិភពលោក៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here