ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅចក្រភពអង់គ្លេសបានងើបឡើងវិញនៅក្នុងខែមករា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្លាក់ចុះកាលពីចុងឆ្នាំមុន ហើយត្រូវបានព្យាករថា នឹងមានភាពប្រសើរឡើងនៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត The Guardian។
តម្លៃផ្ទះជាមធ្យមនៅអង់គ្លេសបានកើនឡើង០,៣ភាគរយនៅខែមករា។ កំណើននេះបានបង្ហាញពីភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងតម្លៃផ្ទះនៅខែធ្នូ ឆ្នាំ២០២៥ ដែលបានធ្លាក់ចុះដោយមិននឹកស្មានដល់ ក្នុងរង្វង់០,៤ភាគរយ។
តម្លៃលំនៅឋាននាពេលបច្ចុប្បន្ននៅប្រទេសអង់គ្លេសមានកម្រិតខ្ពស់ជាងឆ្នាំមុនចំនួន១ភាគរយ ដោយតម្លៃផ្ទះជាមធ្យមមានទំហំទឹកប្រាក់ចំនួន២៧០.៨៧៣ផោន (ប្រមាណ៣៧០.៥៨៩ដុល្លារអាមេរិក) ក្នុងមួយយូនីត។
-->

ក្រុមសេដ្ឋវិទូបានព្យាករថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការរីកចម្រើនរបស់ទីផ្សារអចលនទ្រព្យនៅប្រទេសអង់គ្លេស ខណៈដែលអត្រាការប្រាក់លើកម្ចីទិញផ្ទះធ្លាក់ចុះ និងភាពមិនប្រាកដប្រជាជុំវិញកញ្ចប់ថវិការបស់រដ្ឋាភិបាលអង់គ្លេសចាប់ផ្តើមរសាត់បាត់ទៅ។
តម្លៃលំនៅឋាននៅប្រទេសអង់គ្លេសត្រូវបានគេរំពឹងថា នឹងកើនឡើងចន្លោះពី២ភាគរយទៅ៤ភាគរយនៅឆ្នាំ២០២៦ ហើយសកម្មភាពទីផ្សារលំនៅឋាននៅប្រទេសនេះអាចនឹងស្ទុះងើបឡើងវិញនៅក្នុងរយៈពេលប៉ុន្មានត្រីមាសខាងមុខ។
ធនាគារកណ្តាលរបស់ប្រទេសអង់គ្លេស (BoE) បានកាត់បន្ថយអត្រាការប្រាក់ពី៤ភាគរយ មកត្រឹម៣,៧៥ភាគរយនៅខែធ្នូ ឆ្នាំមុន បន្ទាប់ពីទិន្នន័យផ្លូវការបានបង្ហាញថា អតិផរណាបានធ្លាក់ចុះនៅក្នុងខែវិច្ឆិកា មកត្រឹមអត្រាប្រចាំឆ្នាំ៣,២ភាគរយ ពីអត្រា៣,៦% នៅក្នុងខែតុលា៕ប្រភព: The Guardian ៕
