តើវិស័យអចលនទ្រព្យរបស់ប្រទេសចិនកំពុងជួបប្រទះស្ថានភាព និងការផ្លាស់ប្តូរសំខាន់ៗអ្វីខ្លះនាពេលថ្មីៗនេះ?

0

ដោយ: សហសេវិក
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានទទួលនូវព័ត៌មានវិជ្ជមានមួយចំនួននាពេលថ្មីៗនេះ។ ប៉ុន្តែ បណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកវិភាគព្រមានថា វិស័យនេះនៅតែបន្តមានភាពយ៉ាប់យុឺន ដោយសារកង្វះខាតហិរញ្ញប្បទាន ការធ្លាក់ចុះនៃតម្លៃផ្ទះ និងតម្រូវការ។

តួយ៉ាង ក្រុមនិយតករចិនបានលុបចោលច្បាប់ បន្ទាត់ក្រហម៣ ដែលបានរឹតត្បិតការខ្ចីប្រាក់របស់អ្នកអភិវឌ្ឍន៍ និងបង្កឱ្យមានវិបត្តិបំណុលឆ្នាំ២០២១។ បណ្តាអ្នកអភិវឌ្ឍន៍មួយចំនួនត្រូវបានរំពឹងថា នឹងទទួលបានការពន្យារពេលទូទាត់សងប្រាក់កម្ចីចំនួន៥ឆ្នាំ។

កាលពីពេលថ្មីៗកន្លងទៅនេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរដ្ឋចិន រួមមានក្រុមហ៊ុន Yuexiu Property និងក្រុមហ៊ុន China Overseas Grand Oceans បានបោះផ្សាយមូលបត្របំណុលនៅទីក្រុងហុងកុង។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញ ដែលធ្វើការនៅក្នុងឧស្សាហកម្មអចលនទ្រព្យអះអាងថា ទស្សនវិស័យទីផ្សារអចលនទ្រព្យនៅតែមានភាពមិនច្បាស់លាស់។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Reuters។

បច្ចុប្បន្ន បណ្តាវិនិយោគិនកំពុងរង់ចាំតាមដានកិច្ចប្រជុំរដ្ឋាភិបាលនៅក្នុងខែមីនា និងខែមេសាខាងមុខ ដែលអាចផ្តល់សញ្ញានៃការដាក់ចេញវិធានការគាំទ្រគោលនយោបាយបន្ថែមទៀតដើម្បីជំរុញទីផ្សារអចលនទ្រព្យ។

វិធានការ ដែលរដ្ឋាភិបាលចិនបានដាក់ចេញក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ រួមមានការកាត់បន្ថយអត្រាការប្រាក់ ការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ និងការជំរុញឱ្យធនាគារនានាផ្តល់ប្រាក់កម្ចីដល់បណ្តាអ្នកអភិវឌ្ឍន៍។

លោក Robert Ciemniak នាយកប្រតិបត្តិក្រុមហ៊ុន Real Estate Foresight បានលើកឡើងថា ការដាក់ចេញគោលនយោបាយគាំទ្រអាចនៅមានកម្រិត។ បណ្តាអ្នកអភិវឌ្ឍន៍អាចទទួលបានអត្ថប្រយោជន៍ ប្រសិនបើអាជ្ញាធរមូលដ្ឋានពង្រីកកម្មវិធីទិញដី និងលំនៅឋានដែលលក់មិនចេញហើយបំលែងទៅជាផ្ទះដែលមានតម្លៃសមរម្យ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here