ការសិក្សា: តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាលឿនបំផុតក្នុងរយៈពេលជាង៣ឆ្នាំនៅខែកុម្ភ:

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិបានបង្ហាញថា នៅខែកុម្ភៈ តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាលឿនបំផុតក្នុងរយៈពេលជាង៣ឆ្នាំ។ ការធ្លាក់ចុះនេះបង្ហាញពីការអូសបន្លាយនៃវិបត្តិអចលនទ្រព្យក្នុងប្រទេសចិន ទោះបីជារដ្ឋាភិបាលបានដាក់ចេញវិធានការគាំទ្រជាបន្តបន្ទាប់ក្តី។

យោងតាមស្ថាប័ន China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យធំជាងគេមួយរបស់ប្រទេសចិនបានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះ០,០៤ភាគរយក្នុងខែកុម្ភ: បើធៀបនឹងខែមករា។

តួលេខខាងលើមានភាពខុសផ្ទុយពីការកើនឡើង០,១៨ភាគរយនៅក្នុងខែមករា និងជាការធ្លាក់ចុះក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២មក។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។

វិស័យអចលនទ្រព្យ ដែលធ្លាប់ជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចចិន បានដាំក្បាលចុះ ដែលជះផលប៉ះពាល់ដល់ទ្រព្យសម្បត្តិគ្រួសារ និងការប្រើប្រាស់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២ របស់ពិភពលោក។

តម្រូវការលំនៅឋានថ្មីនៅតែបន្តដាំក្បាលចុះ ទោះបីជារដ្ឋាភិបាលរបស់ប្រទេសចិនបានដាក់ចេញវិធានការគាំទ្រគោលនយោបាយជាច្រើនលើកច្រើនសារ រួមទាំងការសម្រួលច្បាប់ទិញផ្ទះឱ្យធូររលុង និងបន្ធូរបន្ថយតម្រូវការបង់ប្រាក់កក់យ៉ាងណាក្តី៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here