ដោយ: សហសេវិក
អន្តរជាតិ: ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានរាលដាលទៅជាជម្លោះទូទាំងតំបន់មជ្ឈិមបូព៌ា រំពឹងជះផលប៉ះពាល់លើទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។
កន្លងមក ទីក្រុងឌូបៃត្រូវបានគេចាត់ទុកថាជាគោលដៅវិនិយោគដ៏មានសុវត្ថិភាពសម្រាប់បណ្តាអ្នកវិនិយោគជុំវិញពិភពលោក។
យ៉ាងណាមិញ ការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកនៅអេមីរ៉ាតអារ៉ាប់រួម រួមទាំងការបាញ់ផ្លោងមីសុីលលើទីក្រុងឌូបៃ នឹងអាចបង្កជាផលអវិជ្ជមានលើទីផ្សារអចលនទ្រព្យរបស់ទីក្រុងមួយនេះ។
ទោះបីជាមិនទាន់មានការសម្រុកលក់ចេញអចលនទ្រព្យក្នុងទីក្រុងឌូបៃនៅឡើយក្តី ក៏ប៉ុន្តែក្រុមអ្នកវិភាគ និងឈ្មួញកណ្តាលបានព្រមានថា ភាពមិនប្រាកដប្រជាជាបន្តបន្ទាប់អាចធ្វើឱ្យតម្រូវការថយចុះ ជាពិសេសក្នុងចំណោមអ្នកទិញ និងវិនិយោគិនបរទេស ដែលជាកត្តាជំរុញដ៏សំខាន់នៃទីផ្សារលំនៅដ្ឋានរបស់ទីក្រុងឌូបៃ។

ឈ្មួញកណ្តាល និងបណ្តាអ្នកអភិវឌ្ឍន៍នៅទីក្រុងឌូបៃលើកឡើងថា ប្រសិនបើជម្លោះនៅតែបន្តអូសបន្លាយ នោះការលក់អចលនទ្រព្យអាចនឹងថយចុះក្នុងរយៈពេលខ្លី។ ប៉ុន្តែ តម្លៃអចលនទ្រព្យនឹងមិនដាំក្បាលចុះភ្លាមៗនោះទេ។
សកម្មភាពអចលនទ្រព្យនៅទីក្រុងឌូបៃអាចនឹងថយចុះ ខណៈដែលបណ្តាវិនិយោគិនកំពុងតាមដាន និងវាយតម្លៃការវិវឌ្ឍភូមិសាស្ត្រនយោបាយក្នុងតំបន់។
ក្រុមអ្នកជំនាញអចលនទ្រព្យអះអាងថា ស្របពេលមានភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ទីផ្សារអចលនទ្រព្យជាធម្មតាជួបប្រទះនឹងស្ថានភាពមិនប្រាកដប្រជា។ អ្នកទិញប្រើប្រាស់វិធីសាស្រ្តរង់ចាំមើល (wait and see) ដោយពន្យារពេលនៃការសម្រេចចិត្ត៕ប្រភព: Moneycontrol៕








