ដោយ: សហសេវិក
អន្តរជាតិ: ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យរបស់ទីក្រុងហុងកុងនៃប្រទេសចិនបានចាប់ផ្តើមទាក់ទាញវិនិយោគិនបរទេសឱ្យត្រឡប់មកវិស័យនេះវិញ ដោយសន្ទស្សន៍អចលនទ្រព្យ Hang Seng បានហក់ឡើងជាង២០ភាគរយនៅឆ្នាំនេះ។
យោងតាមធនាគារ Citi បានឱ្យដឹងថា បណ្តាវិនិយោគិនអន្តរជាតិ ដែលបានងាកចេញពីភាគហ៊ុនអចលនទ្រព្យរបស់ទីក្រុងហុងកុងក្នុងរយៈពេល២ទៅ៣ឆ្នាំកន្លងមកនេះ បានចាប់ផ្តើមងាកមកទិញភាគហ៊ុនទាំងនេះនៅដើមឆ្នាំ២០២៦។
នៅក្នុងសន្និសីទវិនិយោគិនសកលថ្មីៗនេះ ដែលរៀបចំឡើងដោយធនាគារអាមេរិក Citi អ្នកចូលរួមបានលើកឡើងថា ពួកគេមានចំណាប់អារម្មណ៍កាន់តែខ្លាំងលើទីផ្សារអចលនទ្រព្យហុងកុងជាង ទីផ្សារលំនៅឋានរបស់ចិនដីគោក ដែលបានធ្លាក់ចុះអស់រយៈពេល៥ឆ្នាំជាប់ៗគ្នា។

បណ្តាវិនិយោគិនយល់ស្របថា តម្លៃផ្ទះនៅទីក្រុងហុងកុងកំពុងកើនឡើង ហើយពួកគេកំពុងផ្តោតលើការជ្រើសរើសភាគហ៊ុនឱ្យបានត្រឹមត្រូវ។ បណ្តាអ្នកវិនិយោគគ្រោងបង្កើនការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងពិចារណាទិញក្រុមហ៊ុនដែលមិនសូវមានដំណើរការល្អ (underperforming)។
ការផ្លាស់ប្តូរនេះកើតឡើង ស្របពេលដែលការលក់ផ្ទះនៅទីក្រុងហុងកុងបានកើនឡើងនៅដើមឆ្នាំ២០២៦។ យោងតាមទិន្នន័យចុះបញ្ជីដីធ្លីបានបង្ហាញថា កិច្ចព្រមព្រៀងលំនៅឋានចំនួន៦.៦៦៩ ត្រូវបានចុះបញ្ជីក្នុងខែកុម្ភៈ កើនឡើង១៧,៦ភាគរយធៀបនឹងខែមករា៕ប្រភព: SCMP៕







