ក្រសួងដាក់ដំណើរការវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ១៨ទីតាំង

0

ដោយៈ ចំណាន

    បន្ទាយមានជ័យៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបើក ដំណើ​រ​ការជាផ្លូវការ កម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ១៨ទីតាំងបន្ថែម ក្រោមយន្តការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) របស់រាជរដ្ឋាភិបាល។

លោកសូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគ​មនាគមន៍ (ក.ប.ទ.) និងលោកហៃ ហ៊ុនឡេង នាយកខុទ្ទកាល័យ លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន និងជាសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ (គ.វ.អ.) បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ ១៨ទីតាំងបន្ថែមក្នុងជំហ៊ានទី២ នៅសាលាបឋមសិក្សារហាត់ទឹក ខេត្តបន្ទាយមានជ័យ។

កម្មវិធីនេះធ្វើឡើង ដើម្បីចូលរួមចំណែកអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល បណ្ដុះគ្រាប់ពូជមូលធនមនុស្សឌីជីថលកម្ពុជា ទទួលចំណេះដឹងនិងជំនាញឌីជីថលមូលដ្ឋាន ពីបឋមវ័យ ចាប់យកបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាកម្លាំងចលករជំរុញឧត្តមភាពប្រកួតប្រជែងកម្ពុជានៅក្នុងសេដ្ឋកិច្ចឌីជីថល។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន គ.វ.អ. ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Tech for Kids Academy (TKA) រៀបចំកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល មូលដ្ឋានគ្រឹះឌីជីថលសម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ និងថ្នាក់រៀនឌីជីថល ដោយបានជួសជុលកែលម្អបន្ទប់សិក្សា បំពាក់បរិក្ខារកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងជ្រើសរើស និងបណ្តុះបណ្តាលគ្រូឌីជីថល។

កម្មវិធីសិក្សានេះ ផ្តោតលើកាបណ្តុះបណ្តាលទេពកោសល្យឌីជីថលដល់កុមារដូចជា៖ ភាសាអង់គ្លេសសម្រាប់បច្ចេកវិទ្យា មូលដ្ឋានគ្រឹះកុំព្យូទ័រ ពលរដ្ឋឌីជីថល សុវត្ថិភាពអនឡាញ គណិតវិទ្យានិងតក្កវិទ្យា ការសរសេរកូដ(Coding) បញ្ញាសិប្បនិម្មិត(AI) និងការដោះស្រាយបញ្ហា។

នៅក្នុងជំហ៊ានទី២ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ការពង្រីកវិសាលភាព ទៅកាន់សាលាបឋមសិក្សាគោលដៅថ្មី បន្ថែម១៨ទីតាំង បានធ្វើឱ្យកាអនុវត្តកម្មវិធីសិក្សា ថ្នាក់មូលដ្ឋានគ្រឹះឌីជីថលនេះកើនឡើងដល់៦០សាលាគោលដៅ គ្របដណ្ដប់លើ១៩ រាជធានី-ខេត្ត ទូទាំងប្រទេស និងមានសិស្សានុសិស្សសរុបចំនួន១៧,៩៨៨នាក់ ចូលសិក្សា ដែលជាការបោះជំហានដ៏សំខាន់គាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយឌីជីថលនានា ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការទាញយកផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។

ជាលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សិស្សានុសិស្ស មកពីសាលាគោលដៅចំនួន២២ បានចូលរួមប្រកួតកម្មវិធីតិចណូវេសិន និងកម្មវិធី VIRTUAL GLOBAL GAME JAM 2025 របស់អង្គការUNICEF និងទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកសូ វិសុទ្ធី បានសំណូមពរដល់លោកគ្រូអ្នកគ្រូឌីជីថល សហការឲ្យបានជិតស្និទ្ធជាមួយនាយក នាយិកាសាលា ខិតខំថែរក្សាបរិក្ខារ នៅក្នុងថ្នាក់រៀនឲ្យបានជាប្រយោជន៍ក្នុងការប្រើប្រាស់យូរអង្វែង និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីថ្នាក់រៀនឌីជីថល និងសំណូមពរដល់មាតា បិតាអាណាព្យាបាលសិស្សជំរុញកូនៗ មកចូលរៀនឲ្យបានទៀងទាត់ និងណែនាំដល់សិក្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រជំនាញឌីជីថលនេះ ដើម្បីក្លាយជាមូលធនមនុស្សឌីជីថល ប្រកបដោយសមត្ថភាពនៅថ្ងៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here