ឥន្ធនូឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះប្រវែងជាង១៧០០ម៉ែត្រត្រៀមដាក់ដំណើរការនៅថ្ងៃ១ មេសា

0

ដោយៈ ចំណាន

    ក្រចេះ, បណ្តែតខ្លួនប្រៀបដូចឥន្ធនូលើដងទន្លេមេគង្គ គម្រោងស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ រហូតមកទល់ពេលនេះ សម្រេ​ចបាន៩៩,៨% និងគ្រោងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង នៅពេលលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ នៃគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ និងផ្លូវតភ្ជាប់។

ក្នុងដំណើរចុះពិនិត្យនេះ មានការចូលរួមពីលោក​អនុរដ្ឋលេខា​ធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសាងសង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស រៀបចំដំឡើងផ្លាកសញ្ញាចរាចរណ៍ និងប្រព័ន្ធភ្លើងបំភ្លឺលើស្ពានឱ្យបានគ្រប់គ្រាន់ មុននឹងដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។

គិតមកដល់បច្ចុប្បន្ន ការងារសាងសង់តួស្ពានសម្រេចបានប្រមា​ណ៩៩,៨% ខណៈដែលវឌ្ឍនភាពគម្រោងទាំងមូល រួមទាំងការសា​ងសង់ផ្លូវតភ្ជាប់ សម្រេចបានប្រមាណ៩៧%។

តាមការប៉ាន់ស្មាន គម្រោងនេះគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់ការធ្វើដំណើរដ៏សំខាន់ ពីស្រុកចិត្របុរី នៅត្រើយខាងកើត ភ្ជាប់នឹងស្រុកព្រែកប្រសព្វ នៅត្រើយខាងលិច។ ស្ពាននេះ ក៏នឹងលើកកម្ពស់ដល់ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ពិសេសការដឹកជញ្ជូនទិន្នផលកសិ-ឧស្សាហកម្ម រួមទាំងការតភ្ជាប់វិស័យទេសចរណ៍ ពីខេត្តកំពង់ធំ ទៅកាន់ភូមិភាគឦសាន បានកាន់តែងាយស្រួលបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here