តើស្ថានភាពនៃការលក់ផ្ទះ តម្លៃផ្ទះ និងការវិនិយោគអចលនទ្រព្យក្នុងប្រទេសចិននឹងប្រែប្រួលដូចម្តេចនៅឆ្នាំ២០២៦នេះ?

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិប្រចាំត្រីមាសរបស់កាសែត Reuters បានបង្ហាញថា តម្លៃផ្ទះនៅប្រទេសចិននឹងធ្លាក់ចុះក្នុងល្បឿនលឿនជាងការព្យាករណ៍ពីមុន មុនពេលមានស្ថិរភាពនៅឆ្នាំ២០២៧។

ការព្យាករណ៍ថ្មីបានធ្វើឡើង ខណៈដែលវិស័យអចលនទ្រព្យរបស់ប្រទេសចិននៅតែបន្តមានភាពយឺតយ៉ាវ ដោយសារការផ្គត់ផ្គង់លើសតម្រូវការ ហើយក្រុមអ្នកវិភាគអំពាវនាវឱ្យមានការដាក់ចេញវិធានការគាំទ្រគោលនយោបាយបន្ថែម។

យោងតាមការស្ទង់មតិថ្មីដែលបានធ្វើឡើងចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែមីនា តម្លៃផ្ទះត្រូវបានគេព្យាករថា នឹងធ្លាក់ចុះ៤ភាគរយនៅក្នុងឆ្នាំ២០២៦ បើធៀបនឹងការស្ទង់មតិពីមុនថា នឹងធ្លាក់ចុះ២,៨ភាគរយ ខណៈតម្លៃផ្ទះត្រូវបានគេរំពឹងថា នឹងស្ថិតនៅទ្រឹងនៅឆ្នាំ២០២៧ ដូចការព្យាករណ៍ពីមុន។

ជាមួួយគ្នានេះ តម្លៃផ្ទះត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងរង្វង់០,៥ភាគរយនៅក្នុងឆ្នាំ២០២៨ខាងមុខ។នេះបើយោងតាមការស្ទង់មតិខាងលើរបស់កាសែត Reuters។

វិស័យអចលនទ្រព្យ ដែលធ្លាប់ជាកម្លាំងចលករដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចចិន នៅតែជាប់គាំងក្នុងវិបត្តិ ដែលបានធ្វើឱ្យទ្រព្យសម្បត្តិគ្រួសាររបស់ប្រជាជនចិនធ្លាក់ចុះ និងជះផលប៉ះពាល់ដល់ការប្រើប្រាស់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក។

លោកស្រី Lulu Shi នាយិកាផ្នែកវាយតម្លៃសាជីវកម្មអាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Fitch Ratings បានអះអាងថា វិស័យអចលនទ្រព្យចិននៅតែប្រឈមមុខនឹងបញ្ហាជាច្រើនទាក់ទងនឹងរចនាសម្ព័ន្ធ ដូចជា ការផ្លាស់ប្តូរប្រជាសាស្ត្រ បរិយាកាសការងារមិនប្រាកដប្រជា កង្វះលទ្ធភាពទិញលំនៅឋាន និងស្តុកផ្ទះដែលមិនទាន់លក់ដាច់មានចំនួនច្រើន។

លោកស្រី Shi បានបន្ថែមថា ដើម្បីធ្វើឱ្យវិស័យអចលនទ្រព្យមានស្ថិរភាព ទាមទារឱ្យមានកញ្ចប់គោលនយោបាយមួយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ច ការកែលម្អលក្ខខណ្ឌទីផ្សារការងារ និងការកាត់បន្ថយស្តុកលំនៅឋាន ខណៈដំណើរការនេះត្រូវការចំណាយពេលវេលាយូរ។

ការស្ទង់មតិរបស់កាសែត Reuters ក៏បានបង្ហាញផងដែរថា ការវិនិយោគ និងការលក់អចលនទ្រព្យនៅប្រទេសចិនត្រូវបានគេរំពឹងថា នឹងនៅតែបន្តធ្លាក់ចុះនៅឆ្នាំនេះ ដោយការវិនិយោគត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ ១០,៣% និងការលក់ធ្លាក់ចុះ៦,៥%៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here