ដោយ: សហសេវិក
អន្តរជាតិ: អត្រាកំណើននៃតម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៥ខែ ខណៈក្រុមអ្នកវិភាគបានអះអាងថា ការចុះបញ្ជីដាក់លក់លំនៅឋានបានកើនឡើង បន្ទាប់ពីរដ្ឋាភិបាលកូរ៉េបានផ្តួចផ្តើមឱ្យមានការប្រមូលពន្ធលើប្រាក់ចំណេញមូលធនឡើងវិញ។
យោងតាមការស្ទង់មតិលើនិន្នាការតម្លៃលំនៅឋានទូទាំងប្រទេស ដែលចេញផ្សាយដោយក្រុមប្រឹក្សាអចលនទ្រព្យកូរ៉េ (REB)បានបង្ហាញថា តម្លៃអាផាតមុិននៅទីក្រុងសេអ៊ូលបានកើនឡើង០,៧៤ភាគរយកាលពីខែមុន បើធៀបនឹងកំណើន១,០៧ភាគរយនៅខែមករា។
អត្រាកំណើននៅខែកុម្ភៈ ឆ្នាំ២០២៦នេះ ជាកម្រិតទាបបំផុតក្នុងរយៈពេល៥ខែ គិតចាប់តាំងពីខែកញ្ញា ឆ្នាំមុន។ តម្លៃអាផាតមុិននៅសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល បានកើនឡើងត្រឹមតែ០,០១ភាគរយ កាលពីខែមុន ដោយធ្លាក់ចុះពី០,៦% ក្នុងខែមករា ឆ្នាំ២០២៦។
ចំណែក តម្លៃអាផាតមុិននៅសង្កាត់ Songpa បានកើនឡើង០,០៦ភាគរយ ខណៈតម្លៃអាផាតមុិននៅសង្កាត់ Seocho បានកើនឡើង០,៣ភាគរយ ខណៈតម្លៃអាផាតមុិននៅសង្កាត់ Yongsan បានកើនឡើង០,៤២ភាគរយ។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានកំណត់យកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ជាថ្ងៃផុតកំណត់សម្រាប់ការលើកលែងពន្ធលើប្រាក់ចំណេញមូលធនចំពោះបុគ្គលដែលមានលំនៅឋានច្រើនកន្លែង។
ម្ចាស់លំនៅឋានជាច្រើនបានសម្រុកដាក់លក់ផ្ទះរបស់ពួកគេយ៉ាងបន្ទាន់ ដើម្បីជៀសវាងការបង់ពន្ធលើចំណេញមូលធន ជាពិសេសនៅតំបន់សំខាន់ៗដូចជា សង្កាត់ Gangnam ដែលសម្បូរអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
សម្រាប់ប្រជាជនកូរ៉េខាងត្បូង ដែលមានបំណងទិញលំនៅឋានក្នុងគោលបំណងរស់នៅពិតប្រាកដជំនួសឱ្យការទិញដើម្បីវិនិយោគ ( Speculation) នេះជាឱកាសមួយដើម្បីទិញផ្ទះក្នុងតម្លៃទាបជាងមុន៕ប្រភព: Chosun Biz៕







