ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិឯកជនមួយបានបង្ហាញថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានកើនឡើងនៅក្នុងខែមីនា បន្ទាប់ពីបានធ្លាក់ចុះកាលពីខែកុម្ភ: ស្របពេលមានការកើនឡើងនៃតម្រូវការលំនៅឋាននៅក្នុងទីក្រុងធំៗ។
យោងតាមស្ថាប័ន China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យធំជាងគេមួយរបស់ប្រទេសចិន បានឱ្យដឹងថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន១០០ បានកើនឡើង០,០៥ភាគរយនៅខែមីនា បន្ទាប់ពីធ្លាក់ចុះ០,០៤ភាគរយនៅក្នុងខែកុម្ភៈ។
ក្រុមហ៊ុន China Index Academy បានគូសបញ្ជាក់ថា ការផ្គត់ផ្គង់គម្រោងដែលមានគុណភាពខ្ពស់កាន់តែច្រើននៅក្នុងទីក្រុងធំៗបានជួយជំរុញការងើបឡើងវិញនៃការលក់ផ្ទះថ្មីដោយសន្សឹមៗនៅក្នុងខែមីនា។
ក្រុមហ៊ុនខាងលើបានបន្ថែមថា «ការបន្តងើបឡើងវិញនៅខែមេសានេះនឹងមានសារៈសំខាន់ណាស់»។ «ប្រសិនបើសន្ទុះអាចរក្សាបាននៅក្នុងទីក្រុងធំៗ នោះការរំពឹងទុករបស់ទីផ្សារនឹងមានភាពប្រសើរឡើង និងដាក់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ស្ថិរភាពទីផ្សារពេញមួយឆ្នាំ»។
ការធ្លាក់ចុះនៃអចលនទ្រព្យរបស់ប្រទេសចិន ដែលបង្កឡើងដោយការរឹតបន្តឹងរបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០២០ លើការខ្ចីប្រាក់ច្រើនពេកដោយអ្នកអភិវឌ្ឍន៍ បានធ្វើឱ្យសាច់ប្រាក់ងាយស្រួលរបស់ពួកគេធ្លាក់ចុះ ដែលធ្វើឱ្យមនុស្សជាច្រើនមិនអាចសងបំណុល ឬបញ្ចប់គម្រោងលំនៅដ្ឋានដែលបានលក់ជាមុនបាន។

វិបត្តិអចលនទ្រព្យនៅប្រទេសចិនបានបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការស្តារតុល្យភាពសេដ្ឋកិច្ចឡើងវិញ និងការពារពីសម្ពាធខាងក្រៅ ដូចជា ការកើនឡើងនៃគោលនយោបាយគាំពារនិយមផ្នែកពាណិជ្ជកម្ម និងផលវិបាកពីសង្គ្រាមនៅមជ្ឈិមបូព៌ា។
លោកស្រី Shi Lulu នាយកផ្នែកវាយតម្លៃសាជីវកម្មអាស៊ីប៉ាស៊ីហ្វិកនៅទីភ្នាក់ងារ Fitch Ratings បានអះអាងថា «ដោយសារលក្ខខណ្ឌទីផ្សារការងារមិនអំណោយផល កំណើនស្តុកលំនៅឋាន និងបញ្ហាប្រឈមជាមូលដ្ឋានផ្សេងទៀត ទំនុកចិត្តទីផ្សារទាំងមូលនៅតែមានភាពផុយស្រួយ»។
លោកស្រីបានបញ្ជាក់បន្ថែមថា ការកើនឡើងនៃជម្លោះភូមិសាស្ត្រនយោបាយបានបង្កើនភាពមិនប្រាកដប្រជាចំពោះសំណួរថាតើការងើបឡើងវិញអាចរក្សាបានឬអត់៕ប្រភព: Reuters៕







