មន្រ្តីបង្ហាញពីសក្តានុពលរបស់ខេត្តព្រះសីហនុសន្និសីទ និងវេទិកាផ្គូរផ្គងផលិតផល-ទំនិញនាំចូលទៅកាន់ប្រទេសចិន

0

ដោយៈ និស្ស័យ

    ប្រទេសចិនៈ កាលពីសប្តាហ៍មុន លោក សុខ ភា អភិបាលរង ខេត្តព្រះសីហនុ បានចូលរួមសន្និសីទ និងវេទិកាផ្គូរផ្គងផលិតផល-ទំនិញនាំចូលទៅកាន់ប្រទេសចិន ជាមួយបណ្តាប្រទេសជាសមាជិកSCO ដែលប្រព្រឹត្តទៅនៅទីក្រុងឈីងតាវ (Qingdao) ខេត្តសានដុង(Shandong) ប្រទេសចិន។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយមន្ទីរពាណិជ្ជកម្មខេត្តសានដុង និងសហការរៀបចំ ដោយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (Shanghai Cooperation Organization) ដែលបានអញ្ជើញសមាសភាពចូលរួម ពីបណ្តាប្រទេសជាសមាជិកSCO ចូលរួម ដើម្បីជំរុញ និងផ្តល់ឱកាសកាន់តែប្រសើរ នូវការស្វែងរកដៃគូ ជាអ្នកទិញ-អ្នកផ្គត់ផ្គង់ ទៅលើផលិតផលចាំបាច់នានា ពីតំណាងប្រទេសនីមួយៗ ដើម្បីនាំចូលពិសេសមកកាន់ប្រទេសចិន។

នៅអំឡុងពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ លោកអភិបាលរងខេត្ត ក៏ត្រូវបានអញ្ជើញថ្លែងសុន្ទរកថា ដោយលោកបានរំលេចនូវសក្តានុពល មានទាំងធនធានធម្មជាតិ ឆ្នេរដ៏ស្រស់ស្អាត និងតំបន់អភិវឌ្ឍឧស្សាហម្មសំខាន់ៗរបស់ខេត្តព្រះសីហនុ ជាពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅមួយគត់ របស់ប្រទេសកម្ពុជា និងឱកាសវិនិយោគនៅក្នុងខេត្ត។

ទន្ទឹមនេះ លោកបានបង្ហាញពីគោលការណ៍ ពាក់ព័ន្ធដែលក្រសួ​ងពាណិជ្ជកម្ម ប្រទេសកម្ពុជា បានដាក់ចេញ និងជំរុញផ្សព្វផ្សាយ អនុវត្តយ៉ាងសកម្មកន្លងមក ទៅលើការនាំចេញផលិតផលនានា ជាពិសេ​ស ទៅលើដំណាំកសិកម្ម ដូចជា ធុរ៉េន ស្វាយ និងគ្រាប់ចន្ទី ..ជាដើម សម្រាប់ប្រែក្លាយជាផលិតផលស្តង់ដារ ដើម្បីនាំចេញទៅបរទេស រួមទាំង ប្រទេសចិន ផងដែរ។

បន្ទាប់ពីចូលរួមក្នុងព្រឹត្តិការណ៍នេះរួច លោកអភិបាលរងខេត្ត ក៏ត្រូវបានសារព័ត៌មានក្នុងខេត្តសានដុង ធ្វើការសម្ភាសន៍អំពី លទ្ធផលនៃការចូលរួមវេទិកាផ្គូរផ្គងទំនិញខាងលើ និងការបញ្ជាក់គោលជំហរបស់ខេត្តព្រះសីហនុ នៃប្រទេសកម្ពជា ទៅលើការជួយជំរុញផ្សព្វផ្សាយអោយមាននូវការនាំចេញ ដំណាំកសិកម្មទៅកាន់ប្រទេសចិន ដែលជួយជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបង្កើនការតភ្ជាប់បណ្តាញយ៉ាងទូលំទូលាយក្នុងនាមជាសមាជិកSCO ដើម្បីសម្រេចអោយបានរួមគ្នាក្នុងការអភិវឌ្ឍពាណិជ្ជកម្មនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here