ដោយ: សហសេវិក
អន្តរជាតិ: ការងើបឡើងវិញរបស់ទីផ្សារអចលនទ្រព្យហ្វីលីពីនអាចជួបភាពរអាក់រអួល ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើងទ្វេដង និងបានធ្វើឱ្យកម្មករហ្វីលីពីនរាប់ពាន់នាក់នៅក្នុងតំបន់នោះផ្លាស់ទីលំនៅ។
ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Leechiu Property Consultants (LPC) បានទាញទម្លាក់ទស្សនវិស័យសម្រាប់ទីផ្សារការិយាល័យ លំនៅឋាន និងបដិសណ្ឋារកិច្ចរបស់ប្រទេសហ្វីលីពីន។
លោក David Leechiu ស្ថាបនិកក្រុមហ៊ុន LPC បានលើកឡើងថា ជម្លោះនៅមជ្ឈិមបូព៌ានឹង «ប៉ះពាល់យ៉ាងពិតប្រាកដ» ទៅលើទីផ្សារអចលនទ្រព្យ ដែលបានចាប់ផ្តើមងើបឡើងវិញនៅដើមឆ្នាំនេះ។
ការហក់ឡើងនៃតម្លៃប្រេងឆៅ និងអត្រាអតិផរណា ត្រូវបានគេរំពឹងថា នឹងជះផលប៉ះពាល់យ៉ាងខ្លាំងបំផុតដល់ទីផ្សារលំនៅឋាន និងបដិសណ្ឋារកិច្ច។
ផ្នែកលំនៅឋាន និងបដិសណ្ឋារកិច្ចងាយរងគ្រោះបំផុតចំពោះអតិផរណា ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។ តម្លៃប្រេងឆៅបានកើនឡើងទ្វេដង ខណៈដែលការរំខាន និងការលុបចោលជើងហោះហើរបានធ្វើឱ្យតម្រូវការធ្វើដំណើរថយចុះ។

ជម្លោះនេះបានធ្វើឱ្យកម្មករហ្វីលីពីនជាង ៤.០០០ នាក់នៅក្នុងតំបន់មជ្ឈិមបូព៌ាផ្លាស់ទីលំនៅរួចហើយ ដោយអាចបាត់បង់ការងារបន្ថែមទៀត ប្រសិនបើភាពតានតឹងនៅតែបន្តអូសបន្លាយ។ ជនជាតិហ្វីលីពីនជាងមួយលាននាក់ធ្វើការនៅទូទាំងតំបន់មជ្ឈិមបូព៌ា ក្នុងឧស្សាហកម្មនានា រាប់ចាប់ពីសំណង់រហូតដល់ការថែទាំសុខភាព និងបដិសណ្ឋារកិច្ច។
ក្រុមហ៊ុន Leechiu បានបន្ថែមថា ផ្នែកការិយាល័យនឹង «រងផលប៉ះពាល់តិចជាងគេបំផុត» ដោយសារការផ្គត់ផ្គង់ការិយាល័យថ្មីភាគច្រើនត្រូវបានកក់ជួលទុកជាមុនរួចហើយ (pre-leased)៕ប្រភព: Bilyonaryo៕







