ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុន Adani Group របស់កំពូលមហាសេដ្ឋីអាសុីលោក Gautam Adani គ្រោងបោះទុនវិនិយោគ១១ពាន់លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍលំនៅដ្ឋាន និងការិយាល័យនៅភាគខាងជើងទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា។
គម្រោងនេះនឹងគ្របដណ្តប់លើផ្ទៃដី ៥៨ហិកតា នៅក្នុងសង្កាត់ Goregaon ដោយរួមបញ្ចូលទាំងការសាងសង់ផ្ទះថ្មីសម្រាប់អ្នករស់នៅ និងអ្នកប្រកបអាជីវកម្មរាប់ពាន់នាក់បច្ចុប្បន្ន រួមជាមួយនឹងលំនៅឋានដែលមានតម្លៃសមរម្យ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈដូចជាផ្លូវថ្នល់ ទឹក និងអគ្គិសនី។

ជាមួយគ្នានេះ ក្រុមហ៊ុន Adani អាចប្រើប្រាស់ដីប្រហែលពីរភាគបីដើម្បីសាងសង់ និងដាក់លក់ផ្ទះ និងការិយាល័យនៅលើទីផ្សារ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bloomberg។
នេះជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបំផុតទី៣ របស់ក្រុមហ៊ុន Adani Group នៅទីក្រុងបុមបៃ បន្ទាប់ពីគម្រោង Bandra Kurla និងគម្រោង Dharavi។
បច្ចុប្បន្ន ក្រុមហ៊ុន Adani Group មានគម្រោងសហគមន៍ធំៗប្រមាណ ១២ ទីតាំងនៅក្នុងទីក្រុងបុមបៃដែលកំពុងដំណើរការសាងសង់ ដោយរួមមានការសាងសង់លំនៅឋានសរុបទំហំ ១៦លានម៉ែត្រការ៉េ និងការស្តារឡើងវិញនូវអាផាតមុិនចំនួនជាង ៧៥.០០០ ខ្នង៕ប្រភព: Bloomberg៕







