ទីផ្សារការិយាល័យកម្រិត A នៅសិង្ហបុរីបន្តរីកចម្រើន ខណៈនិន្នាការរបស់អ្នកជួលងាកទៅរកជម្រើសអគារមានគុណភាពខ្ពស់

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: អត្រា​ការិយាល័យ​ទំនេរ​នៅ​ទូទាំង​ប្រទេសសិង្ហបុរីបាន​ធ្លាក់​ចុះ​មក​ត្រឹម១០,៨ភាគរយ​គិត​ត្រឹម​ចុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ២០២៦ បើធៀបនឹង១១,១ភាគរយ​កាលពីចុងត្រីមាសទី៤ ឆ្នាំមមុន។

តួលេខចុងក្រោយបំផុតនេះក៏មានការធ្លាក់ចុះផងដែរ បើធៀបនឹងអត្រា១១,៧ភាគរយគិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៥។

តម្លៃជួល​ការិយាល័យកម្រិត A ក្នុង​តំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់សិង្ហបុរីបាន​កើនឡើង ០,៨ភាគរយធៀប​នឹង​ត្រីមាស​មុន ដល់ ១២,៤០ ដុល្លារសិង្ហបុរី​ក្នុង​មួយ​ ហ្វីតការ៉េ​ក្នុង​មួយ​ខែ ដែល​ជា​កំណើនរយៈពេល៥​ត្រីមាស​ជាប់ៗ​គ្នា។

ជាមួយគ្នានេះ អត្រាការិយាល័យ​ទំនេរកម្រិត A ក្នុង​តំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់សិង្ហបុរីបាន​ធ្លាក់ចុះ​មក​ត្រឹម៣,៣ភាគរយក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២៦ ដែល​ធ្លាក់ចុះ​ពី៤,៥ភាគរយក្នុង​ត្រីមាស​ទី៤ ឆ្នាំមុន។

លោកស្រី Tricia Song ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CBRE Singapore អះអាងថា ការធ្លាក់ចុះនេះត្រូវបានជំរុញដោយកំណើននៃតម្រូវការការិយាល័យធំៗ និងមានគុណភាពខ្ពស់។ ក្រុមហ៊ុននានាក្នុងវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ នៅតែបន្តនាំមុខគេក្នុងសកម្មភាពជួល។

យ៉ាងណាមិញ ស្របពេលអ្នកជួលងាកទៅរកជម្រើសអគារទំនើបៗ និងបំពាក់បរិក្ខារល្អៗជាងមុន ការជួលអគារការិយាល័យចាស់ៗកំពុងប្រឈមមុខនឹងការធ្លាក់ចុះ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers លើកឡើងថា ម្ចាស់អគារការិយាល័យចាស់ៗត្រូវធ្វើឱ្យប្រសើរឡើងនូវផលបត្រអចលនទ្រព្យរបស់ពួកគេ ដើម្បីរក្សាការប្រកួតប្រជែង ខណៈអ្នកជួលកាន់តែឱ្យតម្លៃទៅលើប្រសិទ្ធភាព ស្តង់ដារបរិស្ថាន និងគុណភាពខាងក្នុងអគារ៕ប្រភព: Edgeprop៕


ចែករំលែក