ក្រសួងដែនដីផ្តោតលើអាទិភាពចំនួន៨ដើម្បីលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់បានផ្តោតអាទិភាពធំៗលើកិច្ចកា​រងារសំខាន់ៗចំនួន៨ បន្ទាប់ពីបញ្ចប់ការចុះបញ្ជីដីធ្លី ដែលបង្កើនសុវត្ថិភាព ក្នុងការកាន់កាប់អចលនទ្រព្យច្រើនជាងមុន។

ក្រសួងបានបញ្ជាក់ថា “នេះជាពេលវេលា ដែលយើងត្រុវគិតគូរពីការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំក្រុងឱ្យជាទីក្រុងស្រួលរស់នៅ ជាទីក្រុងប្រកបដោយសិល្បៈ វប្បធម៌ អរិយធម៌ មានមនុស្សប្រកបដោយចំណេះដឹង”។

អ្វីដែលក្រសួងផ្តោតជាអាទិភាពមានដូចជា ទី១ ការកំណត់និងបែងចែកតំបន់៖ តំបន់អភិរក្ស តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស តំបន់ទីប្រជុំជន។ ទី២ ការរៀបចំរបៀងនិងប៉ូលសេដ្ឋកិច្ច៖ រាជធានីភ្នំពេញ តំបន់ឆ្នេរ តំបន់ទេសចរណ៍ ស្បៀងនិងម្ហូបអាហារ តំបន់ឦសាន តំបន់ឧស្សាហកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មគាំទ្រ។

ទី៣ ការកសាងក្រុងនិងទីប្រជុំជន៖ ផ្អែកលើគោលនយោបាយគណៈកម្មាការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងគណៈកម្មាការផលិតភាពកម្ពុជា ដោយរៀបចំជាបុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល។

ទី៤ ការកាត់បន្ថយការកកស្ទះក្នុងរាជធានីភ្នំពេញ  ទី៥ ការកាត់បន្ថយការជន់លិចក្នុងរាជធានីភ្នំពេញ  ទី៦ ការដោះស្រាយសំណង់មិនរៀបរយ និងអគារចាស់ទ្រុឌទ្រោម ទី៧គម្រោងកែលម្អក្រុង រៀបចំសួននិងលំហសាធារណៈ និងទី៨ ដង្ហើមសេដ្ឋកិច្ចក្រុង។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងវេទិកាជាតិលើកទី៣ស្ដីពី ទីក្រុងលំនៅឋាន “ការកសាងអនាគតទីក្រុងកម្ពុជា៖ ផលិតភាពនិងភាពធន់ ជាមួយប្រព័ន្ធលំនៅឋានប្រកបដោយបរិយាបន្ន” ក្រោមអធិបតីភាព លោកឧបានយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១៩ មេសាកន្លងមកនេះ។

កិច្ចប្រជុំនេះ ជាការបើកឱកាសដទៃទៀតសម្រាប់យើង និងដើម្បីយើងអាចធ្វើការរួមគ្នា ដោយមានការឯកភាពគ្នា ពីគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការដៃគូពាក់ព័ន្ធ ទៅលើការរៀបចំក្រុង និងលំនៅឋាននៅកម្ពុជា ឱ្យជាទីក្រុងមានជីវិតនិង សំដៅធានាការអភិវឌ្ឍន៍ស្រុកទេសឱ្យរីកចម្រើនទៅមុខ៕


ចែករំលែក