អ្វីជាយុទ្ឋសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦ ២០៣០ កម្ពុជាចាប់ផ្តើមនិងចេញដំណើរបែបណា?

ចែករំលែក

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ ជាយន្តការស្វែងរកការបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មថ្មីដ៏រឹងមាំ រស់រវើក និងបរិយាបន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យុទ្ធសាស្រ្តថ្មីនេះធ្វើឡើង តាមរយៈការលើកទឹកចិត្តដល់សហគ្រិននវានុវត្តន៍ និងអាចឱ្យធុរកិច្ចថ្មីអភិវឌ្ឍន៍ ទៅជាសហគ្រាស ដែលមានការប្រកួតប្រជែង និងរីកចម្រើនយ៉ាងឆាប់រហ័ស។

ប្រទេសកម្ពុជាកំពុងឈានឆ្ពោះទៅមុខ ដើម្បីពន្លឿនកំណើននៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីរបស់ខ្លួន ជាមួយនឹងការសន្និដ្ឋានបញ្ចប់យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ ដែលជាគំនិតផ្តួចផ្តើមគោលនយោបាយដ៏សំខាន់មួយ សំដៅប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលតំបន់សម្រាប់នវានុវត្តន៍ សហគ្រិនភាពឌីជីថល និងកំណើ​នសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា។

ការជំរុញនេះកើតឡើង នៅពេលដែលរាជរដ្ឋាភិបាល ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មសេដ្ឋកិច្ច ក្រោមរបៀបវារៈបរិវត្តកម្មឌីជីថលដ៏ទូលំទូលាយ និងយុទ្ធសាស្ត្រចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០រយៈពេលវែង។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា ក្របខ័ណ្ឌថ្មីត្រូវបានតាក់​តែងឡើង ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ និងមានការតភ្ជាប់កាន់តែច្រើន ដែលមានសមត្ថភាពគាំទ្រសហគ្រិន ចាប់ពីដំណាក់កាលដំបូងនៃការអភិវឌ្ឍ តាមរយៈការពង្រីកខ្លួន ទៅក្នុងទីផ្សារតំបន់ និងអន្តរជាតិ។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានបើកកិច្ចប្រជុំអន្តរក្រសួងមួយ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែឧសភា ដើម្បីពិនិត្យនូវសេចក្តីព្រាងយុទ្ធសាស្ត្រ។ កិច្ចប្រជុំនេះដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០ មានគោលបំណងបង្កើត “ប្រព័ន្ធអេកូឡូស៊ីអាជីវកម្មថ្មីដ៏រឹងមាំ រស់រវើក និងបរិយាបន្ននៅក្នុងប្រទេសកម្ពុជា” តាមរយៈការលើកទឹកចិត្ត ដល់សហគ្រិននវានុវត្តន៍ និងអាចឱ្យធុរកិច្ចថ្មីអភិវឌ្ឍន៍ ទៅជាសហគ្រាសដែលមានការប្រកួតប្រជែង និងរីកចម្រើនឆាប់រហ័ស។

មន្ត្រីបានថ្លែងថា យុទ្ធសាស្ត្រនេះ ស្របនឹងយុទ្ធសាស្ត្របញ្ចកោ​ណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយចីរភាព បរិយាបន្ន ធន់នឹងវិបត្តិ និងសមធម៌។ បច្ចេកវិទ្យា និងនវានុវត្តន៍ត្រូវបានគេកំណត់ថា ជាសសរស្តម្ភកណ្តាល នៅក្នុងផែនទីបង្ហាញផ្លូវសេដ្ឋកិច្ច រយៈពេលវែងរបស់ប្រទេសកម្ពុជា ជាពិសេសខណៈពេលដែលកម្ពុជា កំពុងស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន លើសពីវិស័យប្រពៃណីដូចជា សម្លៀកបំពាក់ ទេសចរណ៍ និងសំណង់។

រដ្ឋាភិបាលជឿជាក់ថា ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនផលិតភាព បង្កើតការងារដែលមានតម្លៃខ្ពស់ និងបង្កើតដំណោះស្រាយទីផ្សារថ្មី ចំពោះបញ្ហាប្រឈមក្នុងស្រុក និងតំបន់។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ត្រូវបានប្រគល់ភារកិច្ចឱ្យដឹកនាំ និងសម្របសម្រួលការរៀបចំយុទ្ធសាស្ត្រ ដែលមន្ត្រីពិពណ៌នាថា ជាឯកសារគោលសម្រាប់ការអភិវឌ្ឍនាពេលអនាគត នៃវិស័យធុរកិច្ចថ្មីរបស់ប្រទេសកម្ពុជា។

យុទ្ធសាស្ត្រនេះត្រូវបានគេរំពឹងថា នឹងផ្តោតលើការកសាងបរិយា​កាសអំណោយផល សម្រាប់សហគ្រិន តាមរយៈការគាំទ្រគោលនយោបាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការទទួលបានហិរញ្ញប្បទាន ការពង្រីកទីផ្សារ និងគំនិតផ្តួចផ្តើមកសាងសមត្ថភាព។

យុទ្ធសាស្ត្រនេះ ក៏មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការសម្របសម្រួលជាប្រព័ន្ធ ក្នុងចំណោមក្រសួង ស្ថាប័ន វិនិយោគិន និងភាគីពាក់ព័ន្ធវិស័យឯកជន ដើម្បីធានាថាធុរកិច្ចថ្មីអាចរីកចម្រើនប្រក​បដោយចីរភាព។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃនវានុវត្តន៍ និងការទទួលយកបច្ចេកវិទ្យា ក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច។

នៅក្នុងសេចក្តីប្រកាស ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកស្រីបានកត់សម្គាល់ថា បទពិសោធន៍របស់ប្រទេសជាច្រើនបានបង្ហាញពីរបៀប ដែលសេដ្ឋកិច្ចដែលដឹកនាំដោយនវានុវត្តន៍អាចធ្វើអោយប្រសើរឡើង នូវភាពប្រកួតប្រជែងជាតិយ៉ាងសំខាន់។

លោកស្រីបញ្ជាក់ថា “យុទ្ធសាស្ត្រនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញ ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យនេះ”។

លោកស្រី ជា សិរី ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលទទួលបានជោគជ័យ តម្រូវឱ្យមានការគាំទ្រគោលនយោបាយរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងកិច្ចសហការរវាងវិស័យសាធារណៈ និងឯកជន។ ជាពិសេសវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា បានបង្ហាញពីសន្ទុះខ្លាំង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជំរុញដោយការកើនឡើង នៃការជ្រៀតចូលនៃស្មាតហ្វូន ការទទួលយកការទូទាត់ឌីជីថល និងការកែលម្អការតភ្ជាប់អ៊ីនធឺណិត។

តំណាងវិស័យឯកជនបានស្វាគមន៍ ចំពោះការសម្រេចថ្មីៗរបស់រដ្ឋាភិបាល ដោយពណ៌នាថាវាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបង្កើតទំនុកចិត្តកាន់តែខ្លាំងឡើង ក្នុងចំណោមសហគ្រិន និងវិនិយោគិន។

លោក ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍយុទ្ធសាស្ត្រជាតិធុរកិច្ចថ្មី ដ៏ច្បាស់លាស់មួយ នឹងផ្តល់នូវភាពប្រាកដប្រជា និងទិសដៅសម្រាប់ធុរកិច្ចដែលដំណើរការក្នុងសេដ្ឋកិច្ចឌីជីថល។

លោកបន្តថា “ការបង្កើតយុទ្ធសាស្ត្រជាតិដ៏ច្បាស់លាស់មួយ ផ្តល់នូវភាពប្រាកដប្រជា ដែលវិស័យឯកជនត្រូវការ តាមរយៈគោលនយោបាយ និងអន្តរាគមន៍របស់រដ្ឋាភិបាល”។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ទិដ្ឋភាពធុរកិច្ចថ្មីនៅកម្ពុជា បានពង្រីកខ្លួនយ៉ាងឆាប់រហ័ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការគាំទ្រពីគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី និងកម្មវិធីសហគ្រិនភាពកាន់តែច្រើនឡើង។

កម្មវិធីដូចជា សហគ្រិនខ្មែរ (Khmer Enterprise) និងកម្មវិធីថ្នាក់ជាតិធុរកិច្ចថ្មីកម្ពុជា (Startup Cambodia National Program) បានផ្តល់ការគាំទ្រក្នុងវិស័យនានា រួមមានការផ្តល់មូលនិធិសម្រាប់គ្រាប់ពូជ ការណែនាំ ថ្នាលឌីជីថល និងការស្រាវជ្រាវអាជី​វកម្ម។

គំនិតផ្តួចផ្តើមទាំងនេះ ដំណើរការរួមគ្នាជាមួយគោលនយោបាយជាតិដ័ទូលំទូលាយ ដូចជា ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ដែលមានគោលបំណងពន្លឿន ការទទួលយកឌីជីថលនៅទូទាំងសេដ្ឋកិច្ច។

កំណើនធុរកិច្ចថ្មីរបស់ប្រទេស ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទិន្នន័យថ្មីពីរបាយការណ៍ Startup Cambodia Insight 2025 ដែលបង្ហាញថាចំនួនធុរកិច្ចថ្មី ដែលបានកត់ត្រាដោយកម្មវិធីជាតិបានកើនឡើងដល់ ២៣៥ ក្នុងឆ្នាំ២០២៥។

លោក តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានថ្លែងថាធុរកិច្ចថ្មី (Startup) កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់នៃផលិតភាព និងការដោះស្រាយបញ្ហា នៅទូទាំងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច។

លោកបានមានប្រសាសន៍នៅក្នុងរបាយការណ៍ Startup Cambodia Insight 2025 ថា “នៅពេលដែលប្រទេសកម្ពុជាជំរុញរបៀបវារៈសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ខ្លួន Startup កាន់​តែដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាអ្នករួមចំណែកដល់ផលិតភាព ការបង្កើតការងារ និងការដោះស្រាយបញ្ហាជាក់ស្តែង”។

បន្ទាប់ពីពិនិត្យ ពិភាក្សា និងបន្ថែមធាតុចូលរួច កិច្ចប្រជុំបានសម្រេចបន្តនីតិវិធីស្នើសុំ ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការអនុវត្ត “សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០” ជាផ្លូវការនាពេលខាងមុខ៕


ចែករំលែក