មន្រ្តី​ជាន់​ខ្ពស់​រំពឹង​ខ្ពស់​ពី​ការ​ត​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​ពី​អាមេរិក​មក​កាន់​កម្ពុជា​

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក បានបង្ហាញការរំពឹងខ្ពស់ពីការតភ្ជាប់ ជើងហោះហើរត្រង់ពីអាមេរិកមកកាន់កម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសដែលលោកដឹកនាំ គណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។

ជំនួបនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និង លោកBenjamin Chiang ភារធារីស្ថានទូតអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធ។

លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលចំពោះគណៈប្រតិភូអាម៉េរិក ដែលបានអញ្ជើញមកបំពេ​ញទស្សនកិច្ចនាឱកាសនេះ និងបានជម្រាបយ៉ាងលម្អិតអំពីបច្ច័យវិជ្ជមាន និងសក្តានុពលវិនិយោគដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសឱកាសវិនិយោគ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ ដូចមានរំលេចក្នុង ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រូវការទុនវិនិយោគ ប្រមាណ៣៦,៦ពាន់លានដុល្លារអាម៉េរិក។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពថ្មីៗ ពាក់ព័ន្ធនឹងការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើការយកចិត្តទុកដាក់អនុវត្តន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក (Agreement of the Reciprocal Trade – ART) ដែលកម្ពុជាជាប្រទេសហត្ថលេខីទី១ ជាមួយសហរដ្ឋអាម៉េរិក ហើយជាលទ្ធផលពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកកមានការកើនឡើងជាបន្តបន្ទាប់ ខណៈកម្ពុជានៅរក្សាបានទីផ្សារសហរដ្ឋអាម៉េរិក។

ជាការឆ្លើយតប លោក Hunt VanderToll បានសម្តែងនូវការកោតសរសើរ ចំពោះការវិវត្តជាវិជ្ជមានជាច្រើន នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នាពេលបច្ចុប្បន្ន និងបានធ្វើការកត់សម្គាល់ចំពោះការអភិវឌ្ឍ និងការរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីយ៉ាងសកម្មរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួល បង្កលក្ខណៈងាយស្រួល និងគាំទ្រដល់ធុរកិច្ចបរទេស។

លោកឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេស ក៏បានបញ្ជាក់សារជាថ្មីថា សហរដ្ឋអាម៉េរិកនៅតែបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួ​យកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ តម្លាភាពសេដ្ឋកិច្ច ទំនើ​បកម្មហេដ្ឋារចនាសម្ព័ន្ធ និងការជម្រុញឱ្យមានលំហូរវិនិយោគទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជា ឱ្យកាន់តែច្រើនឡើងថែមទៀត។

កិច្ចប្រជុំកម្រិតខ្ពស់នេះ ក៏សម្រេចបាននូវលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ គឺពិភាក្សាបញ្ចប់ការចរចារ លើឯកសារសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពី ការដឹកជញ្ជូនតាមផ្លូវអាកាស រវាងសហរដ្ឋអាម៉េរិក និងព្រះរាជាណាចក្រកម្ពុជា ដែលប្រទេសទាំងពីរមានការរំពឺងទុកខ្ពស់អំពីការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ ដែលនឹងជំរុញការវិនិ​យោ​គបន្ថែមពីសហរដ្ឋអាមេរិកមកកម្ពុជា ការដោះដូរពាណិជ្ជកម្ម និងកំណើនអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ៕


ចែករំលែក