សម្តេចតេជោ ហ៊ុន សែន​ ចោទសួរពលរដ្ឋភៀសសឹកថា រឿងព្រំដែនកម្ពុជា-ថៃ ដោះស្រាយ ដោយសន្តិវិធី ឬប្រើកម្លាំង? ពលរដ្ឋឆ្លើយព្រមគ្នាថា ជ្រើសយកការដោះស្រាយដោយសន្តិវិធី មិនចង់​ឃើញសង្គ្រាមទៀតឡើយ

ចែករំលែក

(បន្ទាយមានជ័យ)៖ ថ្លែងនាឱកាសអញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកចំនួន ៣ ៣១៨នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា មកដល់ពេលនេះដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺមានតែពីរ​ប៉ុណ្ណោះ គឺការដោះស្រាយដោយសន្តិវិធី និងការប្រើកម្លាំងដើម្បីដណ្តើមមកវិញ។

ជាមួយនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា- ថៃ សម្តេចតេជោ ហ៊ុន សែន​ បានថ្លែងដូចនេះថា «ឥលូវជម្រើសមានតែពីរទេ ខ្ញុំសុំឱ្យបងប្អូននៅទីនេះក្តី នៅទូទាំងប្រទេសក្តី និងបងប្អូននៅក្រៅប្រទេសក្តី សិក្សាឱ្យបានច្បាស់ ហើយធ្វើសមាធិឱ្យបានច្បាស់ទៅលើការដោះស្រាយដំណោះស្រាយ តើយើងយកដំណោះស្រាយមួយណា? មានការជ្រើសរើសតែពីរនោះទេ (១) ការប្រើប្រាស់កម្លាំងដើម្បីវាយយកត្រឡប់មកវិញ ឯមួយទៀតការដោះស្រាយដោយសន្តិវិធី»

សម្តេចតេជោ ហ៊ុន សែន​ បានបន្ថែមថា ពួកជ្រុលនិយមខ្មែរមួយចំនួននៅក្រៅប្រទេសចង់ណាស់ឱ្យយើងប្រើប្រាស់កម្លាំងដើម្បីវាយត្រឡប់មកវិញ, ត្រង់ចំណុចនេះសម្តេចក៏បានមានប្រសាសន៍សួរទៅកាន់ប្រជាពលរដ្ឋដែលជាជនភៀសសឹកដែរថា រវាងការដោះស្រាយដោយសន្តិវិធី និងការប្រើប្រាស់កម្លាំង ដើម្បីបង្កើតសង្គ្រាមឡើងវិញតើជ្រើសយក​មួយណា?

ពាក់ព័​ន្ធនឹងសំនួររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រជាពលរដ្ឋជាជនភៀសសឹករវាងការដោះស្រាយដោយសន្តិវិធី និងការប្រើកម្លាំងនោះ ប្រជាពលរដ្ឋដែលជាជនភៀសសឹកទាំងអស់ បានឆ្លើយព្រមៗគ្នាថា គឺជ្រើសយកការដោះស្រាយដោយសន្តិវិធី មិនចង់​ឃើញមានសង្គ្រាមទៀតនោះឡើយ។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចជាអតីតទាហ៊ានតាំងពីអាយុ ១៨ឆ្នាំមក ហើយរហូតមកដល់ពេលនេះសម្តេចនៅតែជាតួអង្គម្នាក់ ក្នុងចំណោមតួអង្គដែលមានឥទ្ធិពលទៅលើកម្លាំងប្រដាប់អាវុធ ក៏ប៉ុន្តែចំពោះរឿងជម្លោះព្រំដែននេះគឺត្រូវឃើញឱ្យបានច្បាស់ជាមុនសិនថា តើយើងគួរយកជម្រើសតាមពួកជ្រុលនិយមនៅក្រៅប្រទេសដែរឫទេ?

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីហេតុផលដែលកម្ពុជា មិនចាំបាច់ក្នុងការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះ ដោយសម្តេចបានអានឡើងវិញចំនួន ៣ចំណុចនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលមានខ្លឹមសារដូចនេះថា៖

១. ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់(ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬ ធ្វើសកម្មភាពរុលទៅមុខ ឬ ចល័តកម្លាំងទៅលើទីតាំង ឬ កងកម្លាំងរបស់ភាគីម្ខាងទៀត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។

២. ភាគីទាំងពីរឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនត្រូវធ្វើសកម្មភាពចល័តកងកម្លាំងបន្ថែមទៀត។ មិនត្រូវឱ្យមានការធ្វើសកម្មភាពចល័តកងកម្លាំងដោយរាប់បញ្ចូលទាំងការល្បាតចូលទៅទីតាំងរបស់ភាគីម្ខាងទៀត។

៣. ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្ដីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិ រវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង តាមបណ្ដោយព្រំដែន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចំរុះព្រំដែន ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ក្រុមការងារវាស់វែង ចំរុះនៅលើទីតាំងជាក់ស្ដែង ដោយរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មីន។ ភាគីទាំងពីរឯកភាពគ្នាថា គណៈកម្មការចំរុះព្រំដែននឹងផ្តល់អាទិភាពខ្ពស់បំផុត ចំពោះការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែននៅតំបន់រងផលប៉ះពាល់ ដែលមានជនស៊ីវិលរស់នៅ។

ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់លើចំណុចទី៣ ដែលបានចែងច្បាស់ពីយន្តការរបស់គណៈកម្មការចម្រុះព្រំដែនគោកប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាព្រំដែន តែថៃ បានពន្យារពេលជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអន្តរជាតិថា តើត្រូវឱ្យថៃពន្យារពេលរហូតទៅ ឬយ៉ាងណា៕


ចែករំលែក