សេចក្តី​ព្រាង​ច្បាប់​ទាក់ទង​នឹង​វិសោធនកម្ម​ផ្លូវ​ថ្នល់​បាន​ឆ្លង​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា​ហើយ​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ “សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់​” ត្រូវបានគណៈកម្មការទី៩ នៃរដ្ឋសភា លើកមកពិភាក្សា និងផ្ទៀងផ្ទាត់បន្ថែម ជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន មុននឹងបន្តនីតិវិធីជំហានបន្ទាប់។

ព័ត៌មាននេះត្រូវបានបង្ហាញឲ្យដឹងក្នុងឱកាស លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង តំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការសាធារណការ និងដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃស​ណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា និងលេខាធិការគណៈកម្មការជំនាញនៃរដ្ឋសភា។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រ​ធា​នរដ្ឋសភា ដែលបានអនុញ្ញាតឱ្យដាក់បញ្ចូល សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងរបៀបវារៈកិច្ចប្រជុំរបស់គណៈកម្មការទី៩ នៃរដ្ឋសភា នាថ្ងៃនេះ ដើម្បីពិនិត្យ និងពិភាក្សា មុននឹងបញ្ជូនទៅកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាពេលខាងមុខ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានជម្រាបជូនអំពី សាវតារ គោលបំណង និងអត្ថប្រយោជន៍នៃការធ្វើ វិសោធនកម្មច្បាប់នេះ ព្រមទាំងពន្យល់បំភ្លឺបន្ថែម លើខ្លឹមសារចំណុចមួយចំនួន ឱ្យបានជ្រាបកាន់តែច្បាស់ ដែលជាលទ្ធផលឆ្លងកាត់ការពិភាក្សាគ្នា យ៉ាងផុលផុសនាព្រឹកនេះ បានបង្កលក្ខណៈឱ្យការធ្វើវិសោធនកម្មច្បាប់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបាន ដើម្បីផ្តល់ផលប្រ​យោជន៍ជាអតិបរមាជូនប្រជាជន និងប្រទេសជាតិ៕


ចែករំលែក