ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យអាស៊ានស្ថិតក្នុងស្ថានភាពល្អប្រសើរបើប្រៀបធៀបទៅនឹងប្រទេសចិន។ ការធ្លាក់ចុះនៃអតិផរណា អត្រាការប្រាក់ទាប នគរូបនីយកម្មរឹងមាំ ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ បន្តគាំទ្រដល់តម្រូវការលំនៅឋាន ឧស្សាហកម្ម ភស្តុភារកម្ម និងការិយាល័យកម្រិតខ្ពស់។
សេដ្ឋកិច្ចរបស់តំបន់អាស៊ានត្រូវបានគេព្យាករថា នឹងនៅតែជាតំបន់មួយដែលមានការរីកចម្រើនលឿនបំផុតរបស់ពិភពលោកនៅក្នុងឆ្នាំ ២០២៦នេះ។
ក្នុងនោះ ទីផ្សារអចលនទ្រព្យឧស្សាហកម្ម និងភស្តុភារកម្ម នៅតែជាផ្នែកដែលមានស្ថានភាពល្អប្រសើរបំផុតនៅក្នុងតំបន់។ ក្រុមហ៊ុនផលិតកំពុងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ឱ្យឆ្ងាយពីប្រទេសចិន ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រទេសវៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។ ឃ្លាំង ឧទ្យានភស្តុភារកម្ម និងតំបន់ឧស្សាហកម្មនៅតែបន្តទាក់ទាញវិនិយោគិន។
តម្រូវការលំនៅឋាននៅតែមានសុខភាពល្អដោយសារនគរូបនីយកម្ម និងកំណើនប្រជាជន។ ទោះជាយ៉ាងណា បញ្ហាប្រឈមនៃតម្លៃសមរម្យនៅតែបន្តកើតមាននៅក្នុងប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ ទីផ្សារលំនៅឋានប្រណីតកំពុងមានដំណើរការល្អជាងផ្នែកលំនៅឋានធម្មតានៅក្នុងប្រទេសមួយចំនួន។
ទីផ្សារការិយាល័យនៅប្រទេសមួយចំនួនមានស្ថានភាពខុសៗគ្នា។ ទីផ្សារការិយាល័យរបស់ប្រទេសសិង្ហបុរីនៅតែមានភាពធន់ដោយសារការផ្គត់ផ្គង់ថ្មីនៅមានកំណត់។

តម្រូវការការិយាល័យនៅប្រទេសវៀតណាម និងឥណ្ឌូនេស៊ីត្រូវបានជំរុញដោយបណ្តាក្រុមហ៊ុនពហុជាតិសាសន៍។ យ៉ាងណាមីញ ទីផ្សារការិយាល័យនៅទីក្រុងម៉ានីលរបស់ហ្វីលីពីនប្រឈមមុខនឹងអត្រាទំនេរខ្ពស់។
ការងើបឡើងវិញនៃវិស័យទេសចរណ៍បានពង្រឹងទីផ្សារអចលនទ្រព្យផ្នែកលក់រាយ និងសណ្ឋាគារ ជាពិសេសនៅក្នុងប្រទេសសិង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី។
ជាមួយគ្នានេះ មជ្ឈមណ្ឌលទិន្នន័យ ជាប្រភេទទ្រព្យសកម្មដែលមានការរីកចម្រើនលឿនបំផុត។ ប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម កំពុងទាក់ទាញការវិនិយោគយ៉ាងច្រើនដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) និងឌីជីថលូបនីយកម្ម៕ប្រភព: Cushman & Wakefield៕







